ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យ បានក្លាយជាសួនដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រឡាយទឹកស្អុយលូ៥ ស្ទឹងមានជ័យដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។

   សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាង អោយ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

   លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា៖ សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣មានផ្ទៃដីសរុប២៧៧៥ម៉ែត្រក្រឡាបណ្តោយ ប្រវែង២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ ។ ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើន នៅជុំវិញ ។ កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿង ពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន ។ សួននេះសាងសង់ឡើយ ដោយប្រើប្រាស់រយៈពេល ០៦ ខែ ដោយចាប់ផ្តើមពីថ្ងៃទី ០៩ ខ កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ២០២២ ចំណាយ ថវិកាសរុប ៦៧,៤៩៧ ដុល្លា រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធា នីភ្នំពេញ ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកា ចំនួន៦,០០០ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន៧៥,៤៩៧ ដុល្លា ។

   លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ សួនសហគមន៍កុមារមេត្រីនេះមិនត្រឹមតែលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។ ទោះបីជាយ៉ាងណាក្តីលោកសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំ សាងសង់រោងការនៅលើសួនច្បារនេះអោយសោះ វានឹងនាំធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

   លោកនួន ផារ័ត្ន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិនដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង ។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀតមកដល់កម្ពុជា។    

   នៅក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើររបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយជម្រុញឱ្យមន្ត្រី ថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងចាត់វិធានការជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរថែមទៀត។

  លោក ឆាង ជាន បានមានប្រសាសន៍លើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រី វាមិនត្រឹមតែបានអោយក្មេងៗបានលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់អោយបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។ 

លោកឆាង ជាន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រនូវគម្រោងនៃការសាងសង់សួនសហគមន៍កុមារមេត្រី នេះឡើង។សួរនេះ វាពិតជាបានបង្កើតនូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិនកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

ដោយ ៖ សំរិត


ចែករំលែក៖