ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមជិះម៉ូតូមកឆក់យកកាបូបពីស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

    ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសុំខ្ចីម៉ូតូអ្នកជិតខាងជិះទៅលក់អំបោស ក៏ត្រូវបានជនសង្ស័យតាមពីក្រោយ រួចជិះទៅកៀកឆក់យកកាបូបដែលដាក់ទូរស័ព្ទនិងលុយមួយចំនួន បានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ខាងមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ស្រ្តីរងគ្រោះបានឱ្យដឹងថា គាត់មានឈ្មោះអ៊ុង អៀប  អាយុ ៦០ឆ្នាំ មុនពេលកើតហេតុគាត់បានចេញពីផ្ទះដោយបានសុំខ្ចីម៉ូតូអ្នកជិតខាងជិះលក់អំបោសតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈជិះម៉ូតូមកដល់ចំណុចទល់មុខនឹងផ្សារស្ទឹងមានជ័យចាស់ ក៏ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ ជិះម៉ូតូតាមពីក្រោយ  រួចពួកវាក៏ធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេច ហើយភ្លាមនោះដែរគាត់ក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ តែមិនមានអ្នកណាជួយគាត់សោះ ចំណែកឯជនសង្ស័យវិញបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ទៅ។

    ស្រ្តីរងគ្រោះបានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិនៅក្នុងកាបូប មានលុយចំនួន១០ម៉ឺនរៀល កាតចាក់វ៉ាក់សាំង និងទូរស័ព្ទមួយគ្រឿង។

   បន្ទាប់ពីកើតហេតុស្ត្រីជាជនរងគ្រោះ កបានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្ដឹង និងឲ្យសមត្ថកិច្ចជួយតាមស្រាវជ្រាវរកឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖