ព័ត៌មានទាន់ហេតុការណ៍៖

FIFA អនុញ្ញតឲ្យកីឡាករអ៊ុយក្រែនអាចចុះហត្ថលេខានៅខាងក្រៅបញ្ជីទីផ្សារដោះដូរបាន

ចែករំលែក៖

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករបាល់ទាត់អ៊ុយក្រែនអាចចុះឈ្មោះបាននៅខាងក្រៅបញ្ជីទីផ្សារដោះដូរកីឡាករបាន បន្ទាប់ពីការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិស្តីពីស្ថានភាព និងការផ្ទេរកីឡាករ (RSTP)។ វិសោធនកម្មនេះគឺបណ្តោះអាសន្ន ហើយមានគោលបំណងផ្តល់ជំនួយដល់ក្លិប និងកីឡាករអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករអ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះជាមួយក្លិបមួយផ្សេងទៀត ទោះបីជារយៈពេលនៃការចុះឈ្មោះនោះត្រូវបានបិទនៅក្នុងសមាគមនៃក្លិបដែលពួកគេមានបំណងចុះឈ្មោះក៏ដោយ។ FIFA នឹងបន្តតាមដានស្ថានការណ៍នៅអ៊ុយក្រែនយ៉ាងដិតដល់ដើម្បីធានាថា ក្របខ័ណ្ឌបទប្បញ្ញត្តិឆ្លុះបញ្ចាំងពីការវិវត្តណាមួយ។ វា​ក៏​បន្ត​ថ្កោលទោស​ចំពោះ​ការ​ប្រើ​កម្លាំង​បន្ត​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន និង​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​​យ៉ាង​ឆាប់​រហ័ស និង​សម្រាប់​ការ​វិល​មក​រក​សន្តិភាព​វិញ”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្លិបនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករអាជីពអតិបរមា២នាក់ក្រោមវិសោធនកម្មនេះ។ កាលពីដើមខែនេះ FIFA ក៏បានប្រកាសដែរថា ពួកគេនឹងបើកទីផ្សារដោះដូរកីឡាករពិសេសសម្រាប់កីឡាករបរទេសដែលជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។ សមាគមកីឡាករបាល់ទាត់អាជីព (FIFPRO) បានរិះគន់ការផ្លាស់ប្តូរនេះថា ជាវិធានការបណ្តោះអាសន្ន ហើយបានហៅវាថា “គួរឱ្យខ្លាច”។

រុស្ស៊ី​ហៅ​សកម្មភាព​របស់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា ​ជាប្រតិបត្តិការយោធា​ពិសេសដែល​រៀបចំឡើង​មិនមែន​ដើម្បី​កាន់កាប់​ទឹកដី ប៉ុន្តែ​ដើម្បី​បំផ្លាញ​សមត្ថភាព​យោធា​របស់​អ្នកជិតខាង​ខ្លួន និង​ចាប់យក​អ្វីដែល​ខ្លួន​ចាត់ទុកថា ​ជា​អ្នកជាតិនិយម​ដ៏គ្រោះថ្នាក់ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖