ភ្នំពេញ៖ កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ពាក់ព័ន្ធករណីវាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់បានសម្រេច ហើយយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យមានឈ្មោះ ឌី កក្កដា ( ហៅ ចេក ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានផ្ទុកសារធាតុញៀន)។ រីឯបក្សពួកចំនួន០៤នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី។
ចំណែកជនរងគ្រោះ មានឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគរបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលេីនេះ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បន្ទាប់ពីរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។
យោងតាមដំណើររឿង បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងមកឈប់កន្លែងកេីតហេតុ រួចក៏ដើរទៅបត់ជើងតូច។ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក ទៅឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូល មកធ្វើសកម្មភាពវាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី។
ប្រភពដដែលបន្តថា ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះ ឱ្យដួលសន្លប់រួចមក ជនសង្ស័យទាំងអស់នោះ បានយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន៖ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់ ៥ម៉ឺនរៀល រួចនាំគ្នាគេចខ្លួន ដោយយកលុយនោះ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ គឺជនសង្ស័យឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។
ក្រោយកេីតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ក៏បានបើកការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌី កក្កដា បានតែម្តង។ រីឯបក្សពួក០៤នាក់ទៀត កំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖សហការី