ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនតាមពាក្យបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន ៣ (សំណុំរឿងលេខ ០០២ លេខ ០០៣ និងលេខ ០០៤) ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។ 

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង បន្ទាប់ពីសវនាការសង្ខេបបានអោយដឹងថា  ក្នុងសំណុំ រឿងលេខ ០០២ ប្រជាពលរដ្ឋឈ្មោះ អ៊ុំ ច័ន្ទដារ៉ា បានប្ដឹងសុំលុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៨២ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងសុំណុំរឿងលេខ ០០៣ ប្រជាពលរដ្ឋឈ្មោះ សៀង វាសនា បានប្ដឹងជំទាស់ទៅនឹងបេក្ខជនចំនួន ៦រូប ដែលមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងសំណុំរឿងលេខ ០០៤ ប្រជាពលរដ្ឋឈ្មោះ កែវ ប៊ុនធឿន បានប្ដឹងជំទាស់ទៅនឹង បេក្ខជនចំនួន ៤(បួន)រូប ដែលឈរឈ្មោះក្នុងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី១៖ លុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៨២ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០២។

ទី២៖ លុបឈ្មោះបេក្ខជន ៦រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៣ ដែលរួមមាន៖

*ឈ្មោះ ឡោ ភារាក់ ភេទប្រុស កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥

*ឈ្មោះ លៀង គុណឡា ភេទស្រី កើតថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៩៥

*ឈ្មោះ សៅ គា ភេទស្រី កើតថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៣

*ឈ្មោះ ជិន គឿន ភេទស្រី កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៣

*ឈ្មោះ វ៉ែន គីម ភេទស្រី កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៣

*ឈ្មោះ ហម ខាត់ ភេទស្រី កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៦៦

ទី៣៖ លុបឈ្មោះបេក្ខជន ៤ (បួន) រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សឆន្ទៈខ្មែរ ក្នុងសំណុំរឿងលេខ ០០៤ ដែលរួមមាន៖

*ឈ្មោះ នុត ប៊ុនថន ភេទប្រុស កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧០

*ឈ្មោះ វណ្ណថា វណ្ណា ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៥

*ឈ្មោះ យ៉ែម វណ្ណារិទ្ធ ភេទស្រី កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៦៨

*ឈ្មោះ តាំង ចាន់ណា ភេទស្រី កើតថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៧៣

ការសម្រេចខាងលើរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ត្រូវបានធ្វើឡើងដោយយោងតាមចម្លើយរបស់សាម៉ីខ្លួនថា ពួកគាត់ភាគច្រើនពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយពួកគាត់ទាំងអស់គ្នាក៏មិនបានបំពេញប្រវត្តិរូប និងសេចក្ដីប្រកាសយល់ព្រមឈរ ឈ្មោះជាបេក្ខជនផ្ទាល់ដៃរបស់ពួកគាត់ដែរ។

ផ្អែកតាមមាត្រា ៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៦.១.២ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន និងសរសេរអក្សរខ្មែរ។ ផ្អែកតាមមាត្រា៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ជីវប្រវត្តិ និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។

ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា បេក្ខជនដែលមិនបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គប្បី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនដំបូង។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសក្នុងសវនាការសង្ខេបនៃ កិច្ចប្រជុំពេញអង្គ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

ដោយ៖ សូរិយា


ចែករំលែក៖