ខេត្តកំពង់ឆ្នាំង៖ សត្វគោក្របី របស់ប្រជាពលរដ្ឋចំនួន៤ភូមិ ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានការពិនិត្យនិងព្យាបាលពីមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
បេីតាមការបញ្ជាក់ពីលោក ហ៊ុន លី អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បាន្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះថា៖ ដោយមានការយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរកសិកម្ម ក៏ដូចជាលោកប្រធានការិយាល័យពេទ្យសត្វខេត្តកំពង់ឆ្នាំង ដែលទទួលព័ត៌មានថា៖ ភូមិចំនួន ៤ ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង មានសត្វគោក្របីរបស់ប្រជាពលរដ្ឋកើតជំងឺអុតក្តាម ទេីបមន្ត្រីជំនាញពេទ្យសត្វខេត្ត ចុះមកពិនិត្យ និងព្យាបាលសត្វគោក្របីមួយចំនួនដែលកំពុងកើតជំងឺអុតក្តាម។
បន្ថែមពីនេះ លោកអនុប្រធានការិយាល័យ បានបញ្ជាក់ទៀតថា៖ ក្រៅពីធ្វើវិធីព្យាបាលដើម្បីឲ្យប្រជាពលរដ្ឋបានឃើញនិងអនុវត្តតាម និងចែកថ្នាំ មន្ត្រីជំនាញនៅបានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសត្វពាហនៈដោយបានល្អ ដើម្បីចៀសវាងពីជំងឺឆ្លងផ្សេងៗជាច្រើនប្រភេទ ដោយត្រូវឱ្យសត្វដេកលើទីទួលដែលគ្មានភក់ជ្រាំ ព្រោះថា មេរោគតែងតែនៅនឹងភក់ជ្រាំ បង្កកើតជំងឺអុតក្តាម និងជំងឺផ្សេងទៀត ដល់សត្វគោក្របីរបស់បងប្អូន ហើយប្រសិនបើសត្វពាហនៈរបស់បងប្អូនកើតនៅជម្ងឺអ្វីមួយ មានដូចជា៖ សាទឹក បុសខ្យល់ ត្រូវរាយការណ៍ទៅមន្ត្រីពេទ្យសត្វភូមិជាបន្ទាន់
នាឱកាសនោះដែរ មន្ត្រីជំនាញ ក៏បានបង្ហាញពីវិធីព្យាបាលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានឃើញ ដើម្បីយកទៅអនុវត្តតាមការណែនាំ និងបានចែកនូវថ្នាំ ម្លូមេទីឡែន ដល់ប្រជាកសិករដែលមានសត្វឈឺចំនួន ១២០ដប ស្មេីនិងប្រជាពលរដ្ឋ ១២០នាក់ សម្រាប់យកទៅព្យាបាលដោយខ្លួនឯង។
ជាមួយគ្នានោះមន្ត្រីជំនាញ ក៏បានផ្ដល់ថ្នាំសម្រាប់ព្យាបាល ផ្តាល់សេរ៉ាងនិងម្ជុល ដល់មន្ត្រីពេទ្យសត្វភូមិចំនួន៤នាក់ ដែលមកពីភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែបផងដែរ៕
ដោយ៖សហការី