ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបទ្វេភាគីជាមួយព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ព្រះអង្គ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ផលប្រយោជន៍ និងក្តីបារម្ភរួម។
ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕
ដោយ ៖ សុខ ខេមរា