ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហាញពីសត្វ ទន្សោង Banteng មានឈ្មោះវិទ្យាសាស្ត្រ Bos javanicus នៅតំបន់ខាងជើងបឹងទន្លេសាប – NORTHERN TONLE SAP។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ទន្សោង – BANTENG នៅតំបន់ខាងជើងបឹងទន្លេសាប – NORTHERN TONLE SAP ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ(EN)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅ តំបន់ព្រៃឡោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស។ ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល នឹងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើង ទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទី ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្លែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។ បន្ទាប់ពីពពោះរយៈពេលប្រមាណ ជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្តងទៀតក្រោយពីកើតកូន បាន២ខែ៕
ដោយ ៖ សិលា