ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  នៅរាជធានីភ្នំពេញ គេធ្វើពិធីប្រណាំងទូកនៅពេលរសៀល ៣ ថ្ងៃជាប់គ្នា។ នៅរសៀលថ្ងៃបង្ហើយគេចងសន្ធឹងព្រ័ត្រមួយនៅកណ្ដាលទន្លេ លុះដល់ពេលផ្ដាច់ព្រ័ត្រនោះបារគូម្នាក់កាន់ដាវជិះលើក្បាលទូក.ង ធ្វើកិច្ចបួងសួងដល់គុណព្រះគង្គាសព្វគ្រប់ហើយ ទើបអុំទូកតម្រង់ទៅរកព្រ័ត្រ ហើយធ្វើកិច្ចជន្ល រួចថយមកវិញគម្រប់បីដងទើបកាត់ផ្ដាច់ទៅ។ នៅពេលនោះពួកទូក.ងដែលឡើងទៅត្រៀមចាំនៅដើមទីឯលើទឹក ក៏អុំចែវចុះមកព្រមគ្នាតែម្ដង ហ៊ោរកញ្ជ្រៀវទ្រហឹងហាក់ដូចជាសន្ធាប់ដេញទឹកឲ្យរត់ចុះសំដៅសមុទ្រ។

  រាល់ពេលព្រលប់ក្នុងកំណត់ ៣ ថ្ងៃបុណ្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់យាងអុជប្រទីប។ ប្រទីបនោះគឺជារាងឈើឬស្សីដែលគេរចនាជារូបភាពផ្សេងៗ ដែលតាក់តែងបន្តុប បន្តើតលើទូក ឬកប៉ាល់មានរំលេចពណ៌ និងភ្ញីភ្លើងព្រោងព្រាយលយបន្តបន្ទាប់គ្នាតាមដងទន្លេមើលទៅឃើញភ្លើង សន្ធោ ហាក់ដូចជាគំនូរនៅលើផ្ទាំងខ្មៅនៃរាត្រីកាល។ នេះហើយដែលហៅថា “លយប្រទីប” ។

  នៃទីរួមខេត្តខ្លះនៅឆ្ងាយពីរាជធានី ក៏មានធ្វើពិធីប្រណាំងទូកដែរ ដូចជានៅដែនកូសាំងស៊ីន ពួកខ្មែរក្រោមនាំគ្នាធ្វើពិធីប្រណាំងទូកនៅតំបន់មួយចំងាយ ១០ គីឡូម៉ែត្រ ពីស្រុកត្រាំង(ខេត្តឃ្លាំង)។ តាមព័ត៌មានរបស់អ្នកស្រុកថា ពិធីនេះបានចាប់ផ្ដើមធ្វើឡើងក្នុងចុងសតវត្សទី ១៦ គឺនៅពេលដែលមានស្ដេចត្រាញ់នៅត្រួតត្រាក្នុងតំបន់នោះ។

  នៅថ្ងៃពេញបូណ៌មីខែកត្តិក គឺយប់កណ្ដាលនៃបុណ្យអុំទូកព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះបញ្ជាឲ្យរៀបធ្វើពិធីសំពះព្រះខែ នៅក្នុងព្រះរាជដំណាក់។ តែទ្រង់សព្វព្រះហស្ថនិងព្រះភ័ក្រដោយទឹកក្លស់ ទឹកស័ង្ខ ហើយស្រង់យកស្លឹកព្នៅរលាស់លើព្រះរាជបុត្រា បុត្រីទាំងអស់។ ស្លឹកព្នៅនេះទំនៀមស្រុកឥណ្ឌា គេសម្រាប់តែថ្វាយចំពោះព្រះឥសូរទេ។

  ផ្នែកខាងស្រែចម្ការ នៅវេលាយប់ជាមួយគ្នានោះ អ្នកស្រុកនាំគ្នាមកប្រជុំនៅកន្លែងណាមួយក្នុងភូមិ តែតាមធម្មតាច្រើនប្រជុំនៅទីវត្តដើម្បីធ្វើពិធីសំពះព្រះខែអកអំបុក។ អ្នកស្រុកជើងវត្តនាំគ្នាយកផ្លែឈើ នំចំណី អំបុក ចេក ជាការចាំបាច់មកចាក់រួមគ្នានៅទីវាលដែលពុំមានស្លឹកឈើអ្វីមួយបាំងសោះ មើលទៅឃើញតែមេឃនិងព្រះច័ន្ទស្រឡះធេងហើយនាំគ្នាដាំឫស្សីជាបង្គោល ២ចង ឫស្សីទី ១ ដើម ទទឹងជារៀងក្លោងទ្វារនៅកណ្ដាលទីទីនោះ។

  គេរៀបចំដង្វាយព្រះច័ន្ទដាក់លើកន្ទេល លុះដល់ខែត្រង់អ្នកស្រុកនាំគ្នាអុជធូបបីសរសៃម្នាក់ សំពះបន់ស្រន់តាមបំណងរបស់ខ្លួន។  នៅពេលនោះអាចារ្យអុជទៀនដែលបិទជាប់នឹងដើមឫស្សីចងទទឹងតាមធម្មតា។ គេច្រើនបិទទៀត ៣ ទៀនកណ្ដាល តំណាងអ្នកស្រុករបស់អ្នកដែលធ្វើកិច្ច ទៀនសងខាង តំណាងអ្នកស្រុកជិតខាង។ នៅពីក្រោមទៀននោះមានក្រាលស្លឹកចេកផ្ទាល់ នឹងដីហើយអាចារ្យបង្វិលឫស្សីទទឹងនោះ ៣ ជុំទើបដាក់ទៀនសំយុងចុះក្រោមឱ្យស្រក់ក្រមួនទៅលើស្លឹកចេក។ គេទាយទឹកភ្លៀងតាមភាពនៅទីនោះស្រក់ញាប់ឬរង្វើលហើយគេទាយផលស្រូវក្នុងស្រុកតាមរូបភាពក្រមួនដែលស្រក់នៅលើស្លឹកចេក។ លុះគេជជែកគ្នាអំពីផលដំណាំតាមទំនាយរួចស្រេចកាលណា ក៏នាំគ្នាយកអំបុកចេកទុំបង្អកមនុស្សចាស់ក្មេង តាមទំនៀម ហើយគក់ខ្នងបណ្តើរ អកអំបុកតាមមាត់បណ្តើរសួរបណ្តើរថា÷

  _ ពេញហើយឬនៅ?

  _ នៅ

  គេសួរដូច្នេះគម្រប់បីដងទាល់តែអាហារមាត់ស្រែកថា ពេញហើយ! ពេញហើយ ! ទើបអ្នកឈរមើលចឹងអម្បាលម៉ាននាំគ្នាទទួលព្រមគ្នាឡើងថាសាធុ! សាធុ! 

  នៅកន្លែងខ្លះរចនាបុណ្យនោះមនុស្សឲ្យមានការប្លែកទៅទៀត ដូចជានៅភូមិថ្មី ស្រុករំដួលខេត្តស្វាយរៀង នៅពេលបុណ្យមានមនុស្ស៣នាក់ តំណាងបម្រើព្រះឥន្ទ។ អ្នកទី១សួរថាតើអ្នកដែលមានប្រជុំនោះមានការអ្វី? អ្នកទី២ យកក្រាំងមកចាំកត់សំណូមពររបស់បណ្ដាជន ហើយអ្នកទី៣ យកផ្លែចេកមួយមកបោះលើទំព័រដែលសរសេរនោះធ្វើជាត្រា។ គេធ្វើដូច្នេះដើម្បីឱ្យព្រះវេលាយកទេវបុត្របញ្ជូនទឹកភ្លៀងឲ្យធ្លាក់មកតាមរដូវកាលនឹងឲ្យព្រះធរណីប្រទេសកម្ពុជាមានជីជាតិល្អផង៕(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖