ព័ត៌មានទាន់ហេតុការណ៍៖

លោក អុិត សំហេង ជួបសំណេះសំណាលប្រជាពលរដ្ឋនិងបេក្ខជនក្រុមប្រឹក្សាសង្កាត់ក្នុងមូលដ្ឋានខណ្ឌចំការមននិងបឹងកេងកង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពី​អញ្ជេីញ​សំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់បឹងកេងកងទី២​ លោក អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២​ ដដែលនេះ បានបន្តអញ្ជើញសំណេះសំណាល និងចែកនូវសម្ភារមួយចំនួនដើម្បីការពារជំងឺកូវីដ-១៩ ជូនដល់គ្រួសារបក្សសង្កាត់ទន្លេបាសាក់ ដោយក្នុងមួយគ្រួសារទទួលបាន មីចំនួន ១កេស, ត្រីខកំប៉ុងចំនួន១យួរ, ម៉ាស់, អាល់កុល និងថវិកាចំនួន២០ ០០០រៀល និងបានឧបត្ថម្ភដល់បេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ និងយុវជនគណបក្សសង្កាត់នូវថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល។ 

លោកប្រធាន បានក្រើនរំលឹកដល់គ្រួសារបក្ស ដែលបានចូលរួមក្នុងឱកាសនេះសូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព, បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង”, ប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣ កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៉ិត សំហេង ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់គ្នា អញ្ជើញទៅបោះឆោ្នតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សយើងឲ្យទទួលបានជោគ ជ័យ ដើម្បីក្រុមប្រឹក្សាសង្កាត់របស់យើងមានលទ្ធភាពដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖