ខេត្តព្រះសីហនុ៖ បុរស២នាក់ ម្នាក់ជាសន្តិសុខ និងម្នាក់ទៀតជាកម្មករ ទំនងជាប្រាក់ខែចាយមិនគ្រប់ បែរជាបែកគំនិតទៅលក់គ្រឿងញៀន មានអត់មិនទាន់បានចាយលុយស្រួលបួលផង ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនរួមនិងគ្រឿងញៀនជាក់ស្ដែង។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ៖ ទី១-ឈ្មោះ ងយ វិរះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ស៊ុន សង្ហា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
យោងរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅវេលាម៉ោង ១រសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅចំណុចក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់
-ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស តារា