ព័ត៌មានទាន់ហេតុការណ៍៖

Arsenal ត្រូវការឈ្នះ Aston Villa រាត្រីនេះដើម្បីបន្តកាន់កាប់ក្រុមកំពូលទាំង៤នៅ Premier League

ចែករំលែក៖

ការខិតខំប្រឹងប្រែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយកំពុងឈានដល់ពេលវេលាដ៏លំបាកមុនការប្រកួតថ្ងៃសៅរ៍របស់ពួកគេនៅ Villa Park ទល់នឹងក្រុម Aston Villa ដែលជាការប្រកួតក្រៅទឹកដីក្រោយពី Arsenal ចាញ់ Liverpool ក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី១៧មីនា។

ការប្រកួត Premier League ចុងក្រោយរបស់ Arsenal បានចាញ់ក្រុម Liverpool ក្នុងលទ្ធផល ២-០នៅកីឡដ្ឋាន Emirates ដើម្បីបញ្ចប់ការប្រកួតមិនដែលចាញ់៦ប្រកួតដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី៤មាន៥១ពិន្ទុ ខណៈនៅសល់១០ប្រកួតទៀត។ ក្រុមកាំភ្លើងធំបានតាមពីក្រោយក្រុមលេខ១ Manchester City ចំនួន១៩ពិន្ទុ និងនាំមុខក្រុមលេខ៥ Manchester United ១ពិន្ទុសម្រាប់កន្លែងមួយក្នុងក្របខ័ណ្ឌ Champions League ។

ចំណែកក្រុម Aston Villa ឈរនៅលេខរៀងទី៩ មាន៣៦ពិន្ទុ ដោយស៊ុតបញ្ចូលទីបាន៤១គ្រាប់ និងរបូតវិញ៣៩គ្រាប់។ នៅសល់៩ប្រកួតទៀតក្រុមនេះតាមពីក្រោយក្រុមលេខ៥ Manchester United ១៤ពិន្ទុសម្រាប់តំណែងក្នុង Europa League។ Aston Villa ក៏បានចាញ់ការប្រកួត Premier League ចុងក្រោយរបស់ខ្លួនក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន London Stadium ទល់នឹងក្រុម West Ham United ដោយទទួលបានជ័យជម្នះ៣ប្រកួតជាប់ៗគ្នា។

នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួត Premier League ក្រុម Arsenal បានយកឈ្នះ ៣-១ នៅកីឡដ្ឋាន Emirates កាលពីខែតុលា។ ពេលនោះកីឡាករ Thomas Partey រកបានគ្រាប់ដំបូងឲ្យក្រុមកាំភ្លើងធំនៅនាទីទី២៣ ខណៈដែល Pierre-EmerickAubameyang និង Emile Smith Rowe ក៏រកបានម្នាក់១គ្រាប់ផងដែរ។ រីឯកីឡាករ Jacob Ramsey រកបាន១គ្រាប់ឲ្យក្រុម Aston Villa នៅនាទី៨២។

Smith Rowe និង Bukayo Saka គឺជាកីឡាករដែលមានសក្តានុពលជាងគេរបស់ Arsenal ដោយស៊ុតបាន៩គ្រាប់ និង៨គ្រាប់រៀងៗខ្លួន ខណៈដែលក្រុម Aston Villa មានកីឡាករសំខាន់គឺ Ollie Watkins, Ramsey និង Danny Ings។ Watkins គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ តាមពីក្រោយដោយ Ramsey ស៊ុតបាន៦គ្រាប់ និង Ings រកបាន៥គ្រាប់។

នៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ ក្រុម Aston Villa ឈ្នះ៥ ស្មើ៣ និងចាញ់៥ដងក្នុង១៣ការប្រកួត Premier League។ នៅក្នុងការប្រកួតលីគនៅក្រៅទឹកដីនៅរដូវកាលនេះ Arsenal ឈ្នះ៦ ស្មើ១ និងចាញ់៥ដែលក្រុម​កាំភ្លើង​ធំ​ស្ថិត​លើ​ការ​ឈ្នះ៤​ប្រកួត​ក្រៅ​ដី ដោយលើកចុងក្រោយមិនឈ្នះក្រៅដីគឺខែធ្នូ ឆ្នាំ២០២១ទល់នឹងក្រុម Everton។

ក្នុង​ការ​ប្រកួត​លីគ​ចំនួន៦​លើក​ចុង​ក្រោយ​របស់​ក្រុម Aston Villa ឈ្នះ​៣ និង​ចាញ់៣ ខណៈដែលក្រុមកាំភ្លើងធំ Arsenal ឈ្នះ​៥ និង​ចាញ់​១ ក្នុង​៦​ក្រុម​ចុង​ក្រោយដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖