ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនបញ្ជាក់ទៅកាន់ពលរដ្ឋក្នុងខួប៨ឆ្នាំថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀថា រុស្ស៊ីនឹងឈ្នះក្នុងសង្គ្រាមអ៊ុយក្រែន

ចែករំលែក៖

មានប្រសាសន៍នៅក្នុងពិធីប្រគំតន្ត្រីក្នុងឱកាសខួបគម្រប់៨ឆ្នាំ ថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានប្រកាសទៅកាន់ពលរដ្ឋរាប់សិបពាន់នាក់ថា រុស្ស៊ីនឹងយកឈ្នះនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងដឹងថា ត្រូវការធ្វើអ្វី ត្រូវធ្វើរបៀបណា និងតម្លៃណា ហើយយើងនឹងសម្រេចរាល់គោលដៅដែលបានកំណត់ទុក»។

លោកពូទីនបានបញ្ជាក់ថា ទាហានដែលកំពុងតែធ្វើសង្គ្រាមនៅអ៊ុយក្រែនគឺមានបំណងចង់ឯកភាពជាតិរុស្ស៊ី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីបារាំង អែមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ថា ទីក្រុងមូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យជនស៊ីវិលស្លាប់នៅអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំងបានបញ្ជាក់ដូច្នេះថា «ចំណាប់អារម្មណ៍ ត្រូវបានគេទាញចេញពីឧក្រិដ្ឋកម្មសង្រ្គាមជាច្រើន ដែលប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន…ជាពិសេសគឺការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងវាយប្រហារលើទីក្រុងជាច្រើននៃតំបន់ដុនបាស់ (Donbas)»។ វិមានក្រឹមឡាំង បានឱ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនានោះដែរ លោក ពូទីន បានប្រាប់លោក ម៉ាក្រុងថា កងទ័ពរុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានក្នុងការការពារអាយុជីវិតជនស៊ីវិល ក្នុងនោះរួមមានទាំងការបង្កើតច្រកមនុស្សធម៌ ជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះជាដើម»។
លោកពូទីន និងលោកម៉ាក្រុង ក៏បានពិភាក្សាគ្នាដែរពីកិច្ចចរចាសន្តិភាពដែលកំពុងដំណើរការរវាងទីក្រុងម៉ូស្គូ នឹងទីក្រុងកៀវ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ លោកម៉ាក្រុង នៅក្នុងកិច្ចសន្ទនាចាយពេល១ម៉ោង១០នាទី បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងចំពោះជោគវាសនានៃទីក្រុងម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់កងទ័ពរុស្ស៊ី៕

ដោយ៖ ធីរីណា(រូបថត៖ngaynay.vn)


ចែករំលែក៖