ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ស្លាប់៤នាក់របួសធ្ងន់ម្នាក់ដោយសាររថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ

ចែករំលែក៖

    ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានអ្នកបើករថយន្តឈ្នួលម្នាក់រងរបួសធ្ងន់និងអ្នករួមដំណើរ៤នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តហាយឡេនឌ័របុកជាមួយរថយន្តបែននៅផ្លូវបំបែកជាបួននាវេលាទៀបភ្លឺ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៦និងលេខ១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នករួមដំណើរតាមរថយន្តដែលស្លាប់មានឈ្មោះ ១-ស៊ុន ស្រីណង ភេទ ស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ ២-ឈ្មោះពេជ្រ ដាំ ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ ៣-ឈ្មោះទីវ ឡន ភេទ ស្រី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ៤-ឈ្មោះ លុន រតនា ភេទប្រុស អាយុ៨ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង 

ចំណែកម្ចាស់រថយន្តឈ្នួលដែលរងរបួសធ្ងន់មានឈ្មោះហុឹម ដានី អាយុ៣៤ ឆ្នាំ មុខរបររត់តាក់សុី រស់នៅភូមិគោកល្វាង សង្កត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្ត ស្វាយរៀង បើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២BD-១១៤១ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តបែនបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះយឿន ភារម្យ អាយុ៣០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតាជោរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២BD-១១៤១បើកលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចដោយមានអ្នករួមដំណើរ៤នាក់ ខណ:នោះស្រាប់តែមាន

រថយន្ដបែនម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខកំពង់ចាម ៣B-០៣៣២ ធ្វើដំណើរពីជើងទៅត្បូង ពេលបើកមកដល់ផ្លូវបំបែកជាបួន ដោយប្រើប្រាស់ល្បឿនលឿន មិនគោរពសិទ្ធិអាទិភាពក៏បុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តហាយឡេនឌ័រលាន់សូរដូចរន្ទះបាញ់បណ្ដាលឱ្យភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក សពអ្នកស្លាប់៤នាក់នោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសធ្ងន់ត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖