ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<អរគុណ និងជម្រាបលាពីនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន!>>

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា,  នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបញ្ចប់រាល់បេសកកម្មទាំងអស់របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ហើយបានចាកចេញដំណើរជាថ្មីនៅថ្ងៃទី១៧ ខែមីនា។ យើងខ្ញុំសូមថ្លែងអំណរគុណជាអនេក ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។ សូមជម្រាបលា‌!

សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២កន្លងទៅ នេះបានទទួលជួបសំណេះសំណាលនិងអញ្ជើញពិសាភោជនីយអាហារជាមួយនឹងក្រុមនាវិកកងទ័ពជើងទឹកប្រទេសជប៉ុន ដែលបានចូលចតនៅកំពង់ផែព្រះសីហនុ។

សម្ដេចបានទទួលជួបជាមួយនឹងក្រុមនាវិកនៃកងទ័ពជើងទឹកជប៉ុននៅសណ្ឋាគារសុខាអូតែលខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថានាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានឈ្មោះទី១ URAGA – 463 មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២ HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។

នាវាទាំង២ដឹកនាំ បញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នោញផងដែរ ដោយមានការស្វាគមន៍ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់។

ការចូលចតរបស់នាវាទាំង ២គ្រឿងនេះជាការដើម្បីចូលរួមក្នុងការអបអរសាទរខួបលើកទី៣០ នៃបេសកម្មរក្សាសន្ដិភាពរបស់ប្រទេសជប៉ុនផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖