ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda យ៉ាងលឿនបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូពីរគ្រឿង បើកតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង មួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញពេញ1DD-6234 បើកបរដោយបុរសម្នាក់ ចំណែកឯម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BS-9987 ជិះដោយគ្នា២នាក់ប្តីនឹងប្រពន្ធ (ជិតសំរាលកូន) ខណៈមកដល់ចំណុចកើតហេតុខាងមុខសណ្ឋាគារភ្នំពេញ ស្រាប់តែគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AD-3337 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សទិសដៅស្របគ្នាយ៉ាងលឿន មកបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីពោះធំម្នាក់ ជិតសម្រាលកូនរបួសធ្ងន់ ចំណែកឯបុរស២នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្ត និងម៉ូតូ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ