ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត El Clasico នៅថ្ងៃអាទិត្យទល់នឹងក្រុម Barcelona នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេរបស់ La Liga រូបនេះរងរបួសកំភួនជើងមិនទាន់ជា១០០ភាគរយ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានរងរបួសបន្ទាប់ពីបានបញ្ជូនបាល់ និងស៊ុតបញ្ចូលទី២គ្រាប់ចុងក្រោយ ខណៈដែលក្រុមកំពូលតារាង La Liga Real Madrid បានយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃចន្ទ។
ក្រុម Real Madrid នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់គូប្រជែងដ៏សំខាន់ក្រុមBarcelona ជាមួយនឹងឱកាសដើម្បីការប្រជែងដណ្តើមពាន និងពង្រឹងស្មារតីរបស់កីឡាករបន្ថែមទៀត បន្ទាប់ពីបង្កើតភាពអស្ចារ្យក្រោយការឈ្នះការប្រកួតជម្រុះ Champions League វគ្គ១៦ក្រុមចុងក្រោយលើក្រុម Paris St Germain កាលពីសប្តាហ៍មុន។
ជាមួយនឹង៦៦ពិន្ទុពី២៨ប្រកួត ក្រុម Real Madrid មាន១០ពិន្ទុលើសក្រុមលេខ២ Sevilla និងនាំមុខ១៥ពិន្ទុលើក្រុមBarcelona ដែលឈរលេខរៀងទី៣។ ជាមួយនឹងការប្រកួតចំនួន១១ដែលត្រូវលេង ក្រុម Realមានកម្រិតខ្ពស់ និងមានការប្រកួត La Liga និង Champions League ដើម្បីប្រជែងពានក្នុងរដូវកាលនេះ។
ទាំង Real Madrid និង Barcelona ស្ថិតក្នុងការឈ្នះ៤ប្រកួតជាប់គ្នា ហើយកំពុងលេងដោយមានទំនុកចិត្តច្រើន។ ការជួបគ្នានៅថ្ងៃអាទិត្យនេះនឹងផ្តល់ឱ្យគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez នូវឱកាសដើម្បីមើលថា តើក្រុមរបស់គាត់មានការរីកចម្រើនប៉ុន្មានចាប់តាំងពីការមកដល់របស់គាត់នៅពាក់កណ្តាលខែវិច្ឆិកា? ដោយបានធ្លាក់មកលេខ៩ក្នុងតារាងនៅពេលដែលលោក Ronald Koeman ត្រូវបានបណ្តេញចេញ លោក Xavi បានធ្វើឱ្យក្រុមBarcelona ងើបឡើងវិញ ហើយពួកគេមិនស្គាល់ចាញ់សោះចាប់តាំងពីការចាញ់ក្នុងម៉ោងបន្ថែមរបស់ពួកគេដោយក្រុម Athletic Bilbao ក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃទី២០ ខែមករា ដោយរកបាន២០គ្រាប់ក្នុងការប្រកួតលីគចំនួន៦ចុងក្រោយ។ ការឈ្នះមួយផ្សេងទៀតនឹងបញ្ជាក់ថា Barcelona កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវបន្ទាប់ពី ការបាត់បង់ Lionel Messi ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លិប។
បើទោះបីជាមានឱកាសតិចតួចសម្រាប់ការប្រជែងពានរង្វាន់ La Liga រដូវកាលនេះក៏ដោយ ក៏ក្រុម Barcelona នៅតែតស៊ូដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ និងទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដោយមានត្រឹមតែ៤ពិន្ទុពីក្រុម Real Sociedad ឈរនៅលេខ៦។
ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានរាយការណ៍ថា ខ្សែប្រយុទ្ធBenzema អាចអង្គុយក្រៅការប្រកួតនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកស្នាក់នៅទីក្រុងម៉ាឌ្រីដដើម្បីព្យាបាលអំឡុងពេលសម្រាកអន្តរជាតិជាជាងចូលរួមជាមួយក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតមិត្តភាពជាមួយកូឌីវ័រ និងអាហ្វ្រិកខាងត្បូង។
ក្លិប Real Madrid ក៏បានប្រកាសដែរថា ខ្សែការពារ Ferland Mendy នឹងអវត្តមាន២សប្តាហ៍បន្ទាប់ជាមួយនឹងរបួសសរសៃពួរ ប៉ុន្តែកីឡាករRodrygo ដែលបានរងរបួសពេលប្រកួតជាមួយ Mallorca អាចនឹងមានវត្តមានសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)