ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ រៀបចំកិច្ចប្រជុំដំបូងដើម្បីរៀបចំផែនការ និងបែងចែកភារកិច្ចក្នុងទទួលខុសត្រូវលើការពិនិត្យខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យថ្មី។
ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការបានរៀបចំកិច្ចប្រជុំដំបូងដើម្បីរៀបចំផែនការ និងបែងចែកភារកិច្ចក្នុងការទទួលខុសត្រូវលើការពិនិត្យខ្លឹមសារតាមជំពូកនីមួយៗក្នុងសេចក្តីព្រាងព្រះរាជក្រឹត្យថ្មី។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះដឹកនាំដោយ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងជាអនុប្រធានក្រុមការងារ និង ឯកឧត្តម លោក លោកស្រី ដែលជាសមាជិកក្រុមការងារផងដែរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ថា ដោយសារតែទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីសេចក្តីត្រូវការនាពេលបច្ចុប្បន្ន និងពេលអនាគតលើការងារបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់ និងតុលាការនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ហើយរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការគឺជាស្ថាប័នមួយដ៏សំខាន់លើការងារបណ្តុះបណ្តាលនេះ ទើប ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំ និងចង្អុលបង្ហាញអំពីភាពចាំបាច់ក្នុងការកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
លោក កេង សុម៉ារិទ្ធ ក៏បានស្នើសុំឱ្យ លោកអនុប្រធានក្រុមការងារ និង លោក លោកស្រី ដែលជាសមាជិកក្រុមការងារទាំងអស់យកចិត្តទុកដាក់ខិតខំធ្វើការសិក្សាស្រាវជ្រាវឱ្យបានលម្អិត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំជាសេចក្តីព្រាងព្រះរាជក្រឹត្យមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត សំដៅស្នើសុំការសម្រេចពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការចាត់ការតាមនីតិវិធីបន្តនាពេលខាងមុខដ៏ខ្លី ៕
ដោយ ៖ សិលា