ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ២គ្រួសារក្នុងភូមិចំនួន២នៃឃុំស្នឹង ស្រុកបាណន់ ដែលបានរងគ្រោះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២កន្លងទៅ ។
មានប្រសាសន៍នាឱកាសនោះ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ស្រេង សុខា ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនក្ដី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនេះដែរ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក វក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធាននានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ។ ម្យ៉ាងវិញទៀតសូមបងប្អូនមេត្តាគោរពឱ្យបានល្អនូវច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ ដែលអាចនាំមកនៅផលវិបាកផ្សេងៗ ដូចជាពិការភាព ឬបាត់បង់អាយុជីវិតជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម,មី១កេស,ទឹកត្រី២ដប ទឹកស៊ីអ៊ីវ៤ដប ,ប្រេងឆា២ដប ត្រីខ១យួរ ថវិកា៥ម៉ឺនរៀល និងសង្ក័សី មួយចំនួនផងដែរ ៕
ដោយ ៖ សិលា