ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់​ចូលទៅម៉ាស្សាខឹងរកនារីបម្រើផ្លូវភេទមិនបាន​ទាញដំបងវាយខ្ទេច…

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់​ បានចូលទៅម៉ាស្សានៅហាងមួយកន្លែង​ ហើយខណៈ​សួរមេការរកនារីបម្រើផ្លូវភេទមិនបាន​ក៏ផ្ទុះកំហឹងអុកឡុកក្នុងហាងដោយយកដំបងវាយកម្ទេចរបស់របរ​ និងកញ្ចក់ទ្វារ​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបន្ទាប់ពី​រត់គេចខ្លួន​ចូលទៅសំងំនៅក្នុងសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ”​ នៅក្នុងក្រុងព្រះសីហនុ​ ។ 

ករណី​ហិង្សា​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់បុគ្គលិកដែលធ្វេីការនៅកន្លែងកេីតហេតុ​បានប្រាប់សមត្ថកិច្ចឱ្យដឹងថា​ មុនពេលកើតហេតុ​ គឺបុរសជនជាតិចិនម្នាក់​នេះបានដើរចូលមកម៉ាស្សានៅហាងរបស់គាត់ធ្វេីការ​ ពេលនោះ​ជនជាតិចិនរូបនេះ​បានហៅមេការសួររកនារីបម្រើផ្លូវភេទ ខណៈ​នោះ​មេការប្រាប់ថា​កន្លែងនេះពុំមានសេវាបម្រើផ្លូវភេទទេ។ ភ្លាមៗនោះស្រាប់តែបុរសជនជាតិចិននេះខឹងយ៉ាងខ្លាំងបានទាញដំបងមកវាយរបស់របររួចគេចខ្លួនទៅ។ ស្រាប់​តែ​មួយសន្ទុះក្រោយក៏ឃើញបុរសជនជាតិចិនរូបនេះ​លេចមុខមកម្តងទៀតដោយកាន់ដុំឥដ្ឋនិងដុំថ្មគប់សំដៅមកហាងបណ្ដាលឱ្យបែកកញ្ចក់ទ្វារ​ និងខូចខាតសម្ភារមួយចំនួនធំ រួចព្យាយាមរត់ចូលសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ”​ តែត្រូវបុគ្គលិកហាងដេញតាមពីក្រោយទាន់និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអន្តរាគមន៍ពិសេសខេត្តព្រះសីហនុ បានចុះមកដល់សណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ”​ ដែលជនបង្ករត់ទៅសំងំលាក់ខ្លួន និងសុំការសហការជាមួយម្ចាស់សណ្ឋាគារសុំឱ្យជនបង្កចុះមកធ្វើការដោះស្រាយគ្នាជាមួយម្ចាស់ហាងម៉ាស្សានៅស្នងការដ្ឋាននគរបាលខេត្ត​ ទេីប​ជនបង្កព្រមចេញសងថ្លៃខូចខាតឱ្យម្ចាស់​ហាង ដើម្បីបញ្ចប់រឿងទាំងយប់៕

ដោយ​៖សហការី​


ចែករំលែក៖