ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកស្គាល់កោះពោធិ៍ ជាកន្លែង​ផ្ដល់បរិយាកាសរីករាយមួយបែបលើដែនសមុទ្រខេត្តកែប

ចែករំលែក៖

ខេត្ត​កែប៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កោះពោធិ៍ គឺជាកោះតូចមួយក្នុងចំណោមកោះទាំង១២នៃដែនសមុទ្រខេត្តកែប ពោលគឺទៅហួសពីកោះទន្សាយបន្តិច។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវទេសចរត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើន ដូចជា កោះទន្សាយ កោះហាល កោះស្វាយព្រៃជាដើម។

សូមជម្រាបថា​ ភ្ញៀវ​ទេសចរណ៍​ ត្រូវ​ជិះកាណូតប្រមាណ១ម៉ោងក្រោយមកយើងនឹងបានទៅដល់កោះពោធិ៍តាមក្ដីស្រមៃ ប៉ុន្តែមុនពេលឡើងទៅលើកោះ ភ្ញៀវទេសចរក៏អាចស្ទួចត្រីលេងមួយស្របក់សិនក៏បាន ព្រោះជាការកម្សាន្តសប្បាយមួយបែបនៃការមកទស្សនាកោះពោធិ៍នេះ។

ការងូតទឹកលេងកម្សាន្ត និងទេសភាពស្អាតៗនៅលើកោះនេះមិនចាញ់នៅកោះដទៃឡើយ ក្រៅពីនោះការទស្សនាទិដ្ឋភាពព្រះសូរិយារៀបអស្ដង្គត ក៏ជាភាពទាក់ទាញមួយនៅលើកោះពោធិ៍ផងដែរ។

ភ្ញៀវទេសចរក៏អាចរកទិញគ្រឿងសមុទ្រពីប្រជានេសាទ ដើម្បីយកមកចម្អិនធ្វើដោយខ្លួនឯងក៏បាន ដោយនៅលើកោះនេះមានប្រជាពលរដ្ឋរស់នៅច្រើន ដែលសុទ្ធតែជាអ្នកនេសាទសមុទ្រ។

ក្រោយពីទទួលទានអាហាររួចហើយ យើងក៏អាចអង្គុយស្រូបយកខ្យល់អាកាសនៅមាត់សមុទ្រ ប្រមូលបាននូវរមណីយភាពមុនចូលនិន្ទ្រា។

លុះដល់ពេលព្រឹកព្រលឹម អ្នកទេសចរក៏អាចគយគន់ពន្លឺអរុណោទ័យនារដូវប្រាំង និងបន្តលេងកម្សាន្តនៅលើឆ្នេរមួយព្រឹកទៀតក៏បាន មុនពេលចាកចេញពីទីនោះ។ តាមផ្លូវក្នុងពេលចេញដំណើរមកខេត្តកែបវិញ ក្នុងចិត្តនឹកដល់អនុស្សាវរីយ៍រីករាយជាច្រើនដែលបានមកលេងនៅកោះពោធិ៍នេះ៕

ដោយ​៖សហការី​


ចែករំលែក៖