ភ្នំពេញ៖ អំណោយជាអង្ករចំនួន១៤០ តោនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ជូនទៅខណ្ឌទាំង១៤ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។
នៅព្រឹកថ្ងៃទី២០ ខែមីនានេះ រដ្ឋបាលខណ្ឌទាំង១៤បានយកយានយន្តមកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងជំងឺកូវីដ-១៩ បន្តទៀត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២២នេះថា៖ អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួលបានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេច ទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
លោក ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតក្នុងជីវភាពអាចទាក់ទងមកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឩបត្ថមដល់បងប្អូនហើយ ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់បាយនោះទេ ៕
ដោយ ៖ សំរិត