ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អនុប្រធាន មន្រ្តីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ១១គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំបល្ល័ង្ក និងឃុំត្នោតជុំ ស្រុកបារាយណ៍ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅ ។
មានប្រសាសន៍នាឱកាសនោះ លោកស្រី អនុ ប្រធានគណៈកម្មាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីអនុប្រធាន ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនក្ដី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធាននានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ។ ម្យ៉ាងវិញទៀតសូមបងប្អូនមេត្តាគោរពឱ្យបានល្អនូវច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ ដែលអាចនាំមកនៅផលវិបាកផ្សេងៗ ដូចជាពិការភាព ឬបាត់បង់អាយុជីវិតជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
អង្ករ ២៥គីឡូក្រាម,មី១កេស,ត្រីខចំនួន១យួរទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ , តង់១,ឃីត១កញ្ចប់, ថវិកា១០ម៉ឺនរៀល ។សម្រាប់គ្រួសារដែលរលំទាំងស្រុងបន្ថែមជូននូវកន្ទេលចំនួន១,ឆ្នាំងចំនួន២,ព្រមទាំងថវិកាចំនួន២០ម៉ឺនរៀលផងដែរ ៕
ដោយ ៖ សិលា