ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<ការអញ្ជើញមកដល់របស់លោក នាយករដ្ឋមន្ត្រីជប៉ុន>>

ចែករំលែក៖

ភ្នំពេញ ៖ លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ។ កាលពីព្រឹកមិញ យើងខ្ញុំបានបង្ហោះសាររបស់លោកនាយករដ្ឋមន្ត្រីជូនប្រជាជនកម្ពុជា លើទំព័រហ្វេសប៊ុករបស់ស្ថានទូត។ ប្រសិនបើលោកអ្នក មិនទាន់បានអានសារនោះទេ សូមអញ្ចើញអានសារដែលបានបង្ហោះរួចនោះកុំបីខាន! នេះបើយោងតាមការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលម៉ោង១៥និង២៤នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹង មានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរ រួមមានក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្ដីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្ដីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើ សន្និសីទកាសែតរួមគ្នា។ សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ច ប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្តី ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិត នៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកន ប្រទេសទាំងពីរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖