ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់ ខណៈ​ទិញសាំងប៉ុនប៉ងធ្វើឃាត​អតីត​ប្រពន្ធ និង​ឪពុក​ម្តាយក្មេក​ ព្រោះតែរឿង…

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័​យ៖​ កម្លាំងនគរបាល​ស្រុក​ពួក​ បានឃាត់ខ្លួនបុរស​ម្នាក់​ បន្ទាប់​ពី​រូបភាព​បានចងគុំនំជាមួយ​អតីត​ប្រពន្ធ និង​ឪពុក​ម្តាយក្មេក​ បានទិញសាំងប្រុងដុតផ្ទះសម្លាប់មនុស្ស​ តែត្រូវ​អ្នកជិតខាងជួយអន្តរគមន៍ទាន់ពេលវេលា។​ ហើយ​ក្រោយ​សមត្ថកិច្ចជំនាញ​ សាកសួរ​បញ្ចប់​នីតិវិធី​ នៅថ្ងៃអាទិត្យទី​២០​ ខែមីនា​ឆ្នាំ​២០២២នេះ​ បានបញ្ជូនខ្លួនជនសង្ស័យ​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជនសង្ស័យឈ្មោះ រីក ទូ​រី ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលា​ម៉ោង ៧យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​ ចំណែក​​ជនរងគ្រោះឈ្មោះ ជួប លាភ ភេទ​ប្រុស អាយុ ៦៩ ឆ្នាំ រស់នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​ទទួលបាន​នៅថ្ងៃអាទិត្យទី​២០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖ ដោយ​សារតែបុរស​រូបនេះ​ មានការអន់ចិត្តជាមួយ​ប្រពន្ធ និងបានលែងលះគ្នាជាង ១ឆ្នាំមក​ហើយ តែ​ខ្លួន​នៅ​មានចិត្ត​គុំកួន ប៉ង​ធ្វើឃាត​ប្រពន្ធ និង​ឪពុកម្តាយក្មេក ដោយ​សម្តែង​គំនុំ​នោះ  ។ នៅពេលយប់​ស្ងាត់​ រូបគេដឹងថា​ប្រពន្ធ និង​ឪពុកម្តាយក្មេក កំពុង ស្ថិតនៅ​ក្នុងផ្ទះ​ទាំងអស់គ្នា ក៏បានទិញ​សាំងចំនួន ៣ដប​ទឹក​សុទ្ធ និង​ចន្លុះ ១​ដើម; ដែកកេះ​ចំនួន​១ យកទៅចាក់​ស្រោច​បង្កាត់ភ្លើង​ដុត​បន្ទះក្ដារ​ឈើមូល ១​កំណាត់ ប្រវែង​កន្លះ​ម៉ែត្រ​ ដេីម្បីដុតផ្ទះប៉ងសម្លាប់មនុស្ស ប៉ុន្តែ​តែត្រូវ​បានអ្នកភូមិ ឃេីញនាំគ្នា​ជួយ​ទាន់ពេលវេលា​ និង​សង្គ្រោះអតីត​ប្រពន្ធ រួមនិង​ឪពុក​ម្តាយក្មេក ចេញផុតពី​គ្រោះ​ថ្នាក់មួយនេះ។

​ប្រភពដដែលបន្តថា​ ក្នុង​ហេតុការណ៍​នោះ​ដែរ​ អតីត​ឪពុក​ម្ដាយ​ក្មេក​ ក៏បាន​ចេញមក​ប្រតាយប្រតប់យ៉ាងខ្លាំង ជាមួយ​ជនសង្ស័យផងដែរ ប៉ុន្តែដោយ​សារតែកម្លាំង​គាត់(​អតីត​ឪពុក​ម្ដាយក្មេក​) ខ្សោយ​ជាងបាននាំគ្នា​រត់​ចូលទៅ​បន្ទប់ ក្នុងផ្ទះ​បិទទ្វារ​។ ភ្លាមនោះ​ជនបង្កបានលោត​ធាក់​ទ្វារ និង​ជញ្ជាំង​ផ្ទះ​ រួច​បាន​យក​សាំងចំនួន​មួយ​ដបទឹក​សុទ្ធ ចាក់​ស្រោចទៅលើ​ជញ្ជាំង​ផ្ទះ និង​ស្រែក​គំរាមថា នឹង​ដុត​សម្លាប់​ទាំងអស់។ តែមិនបានសម្រេចដោយសារ​កូន និង​អ្នកជិតខាងទៅ​ជួយ​ឃាត់​ទាន់ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យបាន​ ហើយ​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​យកទៅសាកសួរ​ និង​ចាត់​ការ​តាម​ច្បាប់​។ 

​ក្រោយឃាត់ខ្លួនជនសង្ស័យ បាន​ឆ្លើយ​សារភាពថា៖ ខ្លួន​ក៏​រងគ្រោះ​ដែរ ដោយសារ​គ្រួសារ​នេះ បង្ខំ​ឱ្យ​ចាកចេញ ហើយ​ខ្លួន​មិន​អត់ទ្រាំ​ថា ត្រូវតែ​សងសឹក​មិនបាន ទើប​បញ្ចេញ​កំហឹងបែបនេះ តែម្ដង។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវកម្លាំង​នគរបាល​ស្រុក​ថ្មពួក បញ្ជូនមក​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ៖សហការី


ចែករំលែក៖