ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំកម្ពុជា-ជប៉ុន ឯកភាពគ្នាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ សម្រាប់តំបន់មេគង្គ និងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ​ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹង ដើម្បីធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោកផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាក្រោយបញ្ចប់ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នារិះរកនូវកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ជប៉ុន រួមមាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រនៅថ្នាក់មូលដ្ឋាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុន ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា រួមមានកំពង់ផែសមុទ្រ ស្ពាន ផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។

គួរជម្រាបថា កាលពីថ្មីនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងទទួលខុសត្រូវ និងការជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។

សូមរំលឹកថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕

ដោយ​៖ស​ តារា


ចែករំលែក៖