..(តពីលេខមុន)..
ព្រះសង្ឃដែលនិមន្តចម្រើនព្រះបរិត្ត ៣ ថ្ងៃដំបូង មានចំនួនតាមព្រះជន្ម ព្រះករុណាលើសមួយអង្គ តែឥឡូវនេះគេយកចំនួនតាមព្រះជន្មមកចែកជាបីថ្ងៃ ហើយរាល់ព្រឹក ព្រះករុណាទ្រង់ប្រគេនចង្ហាន់ចំពោះព្រះសង្ឃដែលបាននិមន្តមកសូត្រមន្ត។ពេលល្ងាច។ នៅថ្ងៃទី ២ ពេលព្រឹកប្រគេនចង្ហាន់ព្រះសង្ឃឆាន់ក្នុងព្រះរាជទីនាំងទេវាវិនិច្ឆ័យ។ ពេលរសៀលនិមន្តព្រះសង្ឃទេសនា ពួកមន្ត្រីអុីស្លាមក៏មានធ្វើពិធីស្វាធ្យាយធម៌តាមរបៀបសាសនាមហាម៉ាត់ដែរ។ ថ្ងៃទី ៣ រៀបពិធីដូចគ្នានិងថ្ងៃទី ២។
ថ្ងៃទី ៤ ជាថ្ងៃខួបនៃថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រសូតិ ព្រះករុណាទ្រង់យាងស្រង់ទឹកឧទកធារា តាមរបៀបដូចយើងបានរៀបរាប់រួចមកហើយក្នុងពិធីចូលឆ្នាំថ្មី។ នៅពេលព្រះករុណាយាងស្រង់ទឹកមានបាញ់កាំភ្លើង ២១ ណាត់គំនាប់ព្រះអង្គ។ បន្ទាប់មកពួកនាម៉ឺនសព្វមុខមន្ត្រីនិងបរទេស ចូលក្រាបបង្គំគាល់ថ្វាយព្រះសព្ទសាធុការពរ។
ថ្ងៃទី ៥ ជាថ្ងៃបង្ហើយបុណ្យព្រះរាជវង្សានុវង្សទ្រង់យាងធ្វើសច្ចាប្រណិធានក្នុងវត្តព្រះកែវមរកត ។
នៅពេលនោះគេដង្ហែព្រះបញ្ចក្សេត្រ (១) និងព្រះខ័នជ័យមកតាំងតម្កល់លើគ្រែមួយ។ នៅសងខាងគ្រែនោះមានផ្តិលទឹកពីរយ៉ាងធំមានត្រាំគ្រាប់កាំភ្លើងមួយគ្រាប់និងក្អមតូច ១៦ ទៀត ដាក់ទឹកពេញតម្រៀបគ្នានៅក្បែរនោះ។
នៅក្បែរជញ្ជាំង មានបម្រើ ៨ នាក់អង្គុយជាជួរ ពីរនាក់កាន់លំពែង បីនាក់កាន់ដាវ ពីរនាក់ទៀតកាន់កាំភ្លើង។
នាហ្មឺនក្រុមព្រះរាជវាំងពីរនាក់ស្លៀកពាក់ស។ លុះរៀបចំសព្វគ្រប់ស្រេចហើយបារគូម្នាក់ឡើងសូត្រពាក្យសច្ចាប្រណិធានហើយប្រកាសអញ្ជើញ ទេវតា អ្នកតានៅព្រៃភ្នំក្រំថ្ម ជាប្រធានក្នុងកិច្ចនោះ ហើយនិងសូមឱ្យបំផ្លាញជនល្មើសតាមអំពើគ្រប់បែបយ៉ាង។ តាមអក្សរចារឹករបស់ព្រះបាទសុរិយវរ្ម័នទី ១ ដែលគេឃើញនៅពន្លានាផ្លូវចូលទៅព្រះបរមរាជវាំងអង្គរធំ ធ្វើឱ្យយើងដឹងថាការធ្វើសច្ចាប្រណិធាននេះពុំមានផ្លាស់ប្ដូរទេតាំងពីសតវត្សទី ១១ មក។
បន្ទាប់មកទៀត បាគូរពីរនាក់ម្នាក់កាន់លំពែង ម្នាក់ទៀតកាន់ក្រឹសចូលទៅជិតផ្តឹលទឹកធំទាំងពីរហើយជន្ល ៣ ដងទើបយកអាវុធទាំងពីរនោះកូរទឹកក្នុងផ្តិល រួចទឹកក្នុងក្អមទៀត ។ ដោយធ្វើអាការដូចគ្នានឹងកូរទឹកផ្តឹល។ តមកពួកបារគូទាំងពីរនាក់ យកព្រួញកូរទឹកដូចមុនទៀត។
ទើបភ្នាក់ងាររាជការម្នាក់សូត្រសម្បថមួយឃ្លាម្ដងៗ ហើយមន្រ្តីទាំងឡាយថាតាម លុះសូត្រចប់ហើយបម្រើចាក់ទឹកពីផ្តឹលធំទៅក្នុងផ្តឹលតូច មានដាក់កូនបណ្ដែតមួយផង ហើយយកទៅជូនពួកនាម៉ឺនសព្វមុខមន្ត្រីតាមលំដាប់ថ្នាក់មុនក្រោយ។
ពេលរសៀលថ្ងៃដដែលនោះត្រូវវេនចៅជិត ចៅចម ជំទាវខុនណាង ចូលទទួលទឹកសម្បថ។
បន្ទាប់មកទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់យាងរំលត់ទៀនជ័យ ។ ទ្រង់យកទៀនតូចដែលសម្រាប់អុជទៀនធំ យកទៅចម្លងភ្លើងពីទៀនធំមកទើបទ្រង់ចុចប្រឆេះផ្ទប់រំលត់ទៅនឹងស្លឹកម្លូ ហើយអំពាវនាវបួងសួងសូមឲ្យគុណបុណ្យបារមីព្រះពុទ្ធជួយឲ្យភយន្តរាយទាំងអម្បាលម៉ានរលត់វិនាសទៅដូចភ្លើងទៀននេះនិងសូមសិរីសួស្ដីជ័យមង្គលស្ថិតនៅនឹងព្រះអង្គតរៀងទៅ កុំបីឃ្លាតឡើយ។ ការពន្លត់ភ្លើងទៀននេះគេទុកដូចជាពន្លត់ទៀនធំ ប៉ុន្តែគេទុកទៀនធំឱ្យឆេះទាល់តែអស់ខ្លួនឯង៕
(១).ទេវរូបទាំង៥ព្រះអង្គរបស់ក្រុមបារគូដែលយើងបានរាយឈ្មោះរួចមកហើយក្នុងសេចក្តីបរិយាយអំពីពិធីចេញព្រះវស្សា)។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត