ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនឧក្រិដ្ឋជនគ្រឿងញៀនជាង ២០គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។

    ជនសង្ស័យមានឈ្មោះ សុខ ថន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

    សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំរបស់លោក​អគ្គនាយករង កេីត​ សុទ្ធារ៉ា​​ លើចំណាត់ការចំពោះរថយន្តគ្មានពន្ធដែលមានស្រាប់នៅក្នុងស្រុក, នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ។ នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ១រូប និងចាប់យករថយន្តនិងសារធាតុសង្ស័យបញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។

   ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករបានសហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើតេស្តបឋមលើសារធាតុសង្ស័យឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប ២០គ.ក្រ.៧៥២.៤ក្រាម ក្នុងនោះមានប្រភេទ MDMA១៥,៧៤២ក្រាម, ប្រភេទកេតាមីន៤,៩៩៦ក្រាម, និងមេតំហ្វេតាមីន១៤.៤ក្រាម។

   បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖