ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះបញ្ជាឱ្យផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ការផ្អាកនេះគឺជាការផ្អាកលើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ ហើយវាក៏ស្របពេលដែលអាជ្ញាធរកំពុងតែចាត់វិធានការដើម្បីគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗទៀតទាក់ទងទៅនឹងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកឱ្យបានច្បាស់លាស់នោះទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ក្រុមអ្នកសារព័ត៌មាន។
គួរបញ្ជាក់ដែរថាកាលពីខែសីហា និយតករអុីនធឺណិតកំពូលរបស់ទីក្រុងប៉េកាំងបានចេញផ្សាយសេចក្តីព្រាងច្បាប់កំណត់ពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាអាច និងមិនអាចប្រើ ក្បួន algorithms នៅក្នុងកម្មវិធីរបស់ពួកគេបាន៕
ដោយ ៖ សិលា