ក្លិបសេះបង្កង់ Juventus ហាក់ដូចជាកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករ Antonio Rudiger ពីការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លិបតោខៀវ Chelsea ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្លិបយក្សអុីតាលីមួយនេះ។
ក្លិបយក្ស២គឺអធិរាជស Real Madrid និងក្លិបយក្សអាល្លឺម៉ង់ Bayern Munich ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែការពាររូបនេះ ដែលកុងត្រានឹងផុតកំណត់នៅរដូវក្តៅនេះ។ យោងតាមសារព័ត៌មាន La Gazzetta dello Sport កីឡាករ Rudiger បានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus រួចហើយលើកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃឈ្នួល៦.៤លានអឺរ៉ូក្នុងមួយរដូវកាល។
Rudiger បានបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការបន្តកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមតោខៀវ ខណៈដែលគាត់ស្វែងរកកិច្ចព្រមព្រៀងជាមួយប្រាក់ដ៏ច្រើនរយៈពេលវែងចុងក្រោយនៅពេលដែលគាត់ឈានដល់អាយុ៣០ឆ្នាំ។
ខ្សែការពាររូបនេះដែលអាចឈានទៅលេងនៅទឹកដីអុីតាលីគឺមិនមែនជារឿងចម្លែកសម្រាប់ក្របខ័ណ្ឌ Serie A នោះទេ ដោយរូបគាត់ធ្លាប់បានចំណាយពេល២រដូវកាលជាមួយក្លិប Roma ចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៧។ នៅពីទីនោះគាត់បានផ្លាស់ទៅ Chelsea ហើយបានបន្តក្លាយជាផ្នែកសំខាន់នៃក្រុមរបស់លោក Thomas Tuchel បន្ទាប់ពីរយៈពេលដ៏លំបាកក្រោមការដឹកនាំរបស់លោក Frank Lampard ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាហាក់ដូចជា Chelsea កំពុងប្រឈមមុខនឹងការតស៊ូដ៏ធំមួយក្នុងការរក្សាខ្សែការពាររបស់ពួកគេ ហើយក្លិប Juventus អាចជាការផ្លាស់ប្តូរបន្ទាប់របស់គាត់៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)