ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ៧នាក់យកដាវនិងកាំបិតដាក់តាមខ្លួនបម្រុងសងសឹកគូបក្ខដិបក្ខ

ចែករំលែក៖

ខេត្តកំពត ៖ កម្លាំងនគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នា ៧នាក់ យកទៅសាកសួរ បន្ទាប់ពីឆែកឆេររកឃើញមានដាវ ០១ដើម និងកាំបិតបុ័ងតោ ០១ដើម នៅជាប់នឹងខ្លួន។ នេះបើតាមការចុះផ្សាយឲ្យដឹងពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការឃាត់ខ្លួនក្មេងទំនើងទាំង ៧នាក់នេះកើតឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីយប់ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។

  បើតាមមន្រ្តីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា  ក្មេងទំនើងទាំង ៧នាក់ មានឈ្មោះ ១-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ២-ឈ្មោះ ង៉ែត ប្រុសបីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។ ៣-ឈ្មោះ ឆែម សុខសំណាង ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិ ទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ៤-ឈ្មោះ ផាត់ សាមឿន ភេទប្រុសអាយុ១៨ ឆ្នាំរស់នៅភូមិ ត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ៥-ឈ្មោះ ហ្សូ វណ្ណថុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ៦-ឈ្មោះ កែវ លីឆាយ ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ៧-ឈ្មោះ សាយ វិចិត្រ ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពួកគេមានបំណងប្រើហិង្សាទៅលើគូបដិបក្ខម្ខាងទៀតប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងមុនក៏ឃាត់ខ្លួនបានទាំង ៧នាក់តែម្ដង។

 ជាមួយគ្នានេះដែរសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖

-ដាវ ០១ដើម 

-កាំបិតបុ័ងតោ ០១ដើម 

-ម៉ូតូ ០២គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរី ២០២១ ពាក់ស្លាកលេខកំពត 1S 5103 និងម៉ាកSUZUKI Let ពណ៌ខ្មៅលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HF 0597 ។ 

 តាមការសារភាពរបស់ក្មេងស្ទាវទាំង ៧ នាក់នេះបានឲ្យដឹងថាមូលហេតុដែលគេដាក់អាវុធតាមខ្លួនគឺដើម្បីការពារខ្លួនគ្រាដែលគូបដិបក្ខម្ខាងទៀតមានបំណងសងសឹកដល់ក្រុមរបស់គេ។

  បច្ចុប្បន្នក្មេងស្ទាវទាំង ៧ នាក់នេះត្រូវបានបញ្ជូនទៅអធិការរដ្ឋាននគរបាលស្រុកទឹកឈូដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ ប្រាថ្នា

  


ចែករំលែក៖