ខេត្តកំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗចំនួន ៨ចំណុច លើបញ្ហាប្រឈមជាសកល មានដូចខាងក្រោម៖
១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
២. ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៣. ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ការដោះស្រាយវិទាទដីធ្លី និងការពារធម្មជាតិ
៤. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
៥. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
៦. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
៧. ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩
៨. ការពង្រឹងរបៀបរបបការងារ។
ការផ្ដល់គោលការណ៍ណែនាំនេះត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ,លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ជាច្រើនរូបនៅអាគាររស្មីចន្ទពេញវង់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
នាឱកាសនោះដែរ លោក ងួន រតនៈ ឡើងធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គសន្និបាត អំពីកិច្ចដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដែលបានដំណើរការរយៈពេលមួយថ្ងៃរួចមក លោក ថោង ខុន បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជា ធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅមូលដ្ឋានបានជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ពិសេសការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ គាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ផ្អែកតាមយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្ក លក្ខណៈសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើ សកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ៕
ដោយ៖សហការី