ខេត្តកំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា៖ បន្ទប់សំរាកព្យាបាល របស់វេជ្ជបណ្ឌិត សូ សារឿន មានទីតាំង នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដែលជាកន្លែងព្យាបាលអោយកុមារីម្នាក់រងគ្រោះពិការជើងឆ្វេងនោះ ត្រូវបិទជាបណ្តោះអាសន្ន ដោយសារតែប្រពន្ធរបស់វេជ្ជបណ្ឌិត សូ សារឿន ឈ្មោះ គី សុកគីម បានប្រព្រឹត្តសកម្មភាពរំលោភលើវិជ្ជាជីវៈពេទ្យ។ ចំណែករូបលោកវេជ្ជបណ្ឌិត សូ សារឿន និងប្រពន្ធឈ្មោះ គី សុកគីម កំពុងស្ថិត ក្នុងការ សើបសួរ និងត្រៀមបញ្ជូនទៅកាន់តុលាការ នៅល្ងាចនេះ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែមីនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនលោកវេជ្ជបណ្ឌិត សូ សារឿន និងប្រពន្ធឈ្មោះ គី សុកគីម មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីចាក់ថ្នាំកុមារីអាយុ៩ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀង។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្ដាញសង្គមមួយឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) ដែលសមត្ថកិច្ចនគរបាលបញ្ជាក់ថា ជាឪពុកកុមារីរងគ្រោះបានសរសេរថា៖ (ពីក្មេងស្រីរាងកាយរឹងមាំ ក្លាយទៅជាក្មេងស្រីពិការ ដោយសារតែពេទ្យគ្មានវិជ្ជាជីវៈច្បាស់លាស់ ចេះតៗគ្នា ទើបកូនរបស់ខ្ញុំក្លាយទៅជាបែបនេះ)។ ជាងកន្លះឆ្នាំមកហើយ ដែលខ្ញុំទ្រាំទាំងឈឺចាប់ ដោយគ្មានការដោះស្រាយពីពេទ្យមួយកន្លែងនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្នុងនាមជាឪពុករបស់ក្មេងស្រី សូមជម្រាបជូនបងប្អូនទាំងអស់គ្នា នូវខ្លឹមសារដូចខាងក្រោម ៖
ដំបូងកូនស្រីខ្ញុំ គ្រាន់តែមានអាការៈឈឺក្បាលធម្មតា ហើយក៏បានយកទៅពេទ្យឯកជនមួយកន្លែងឈ្មោះ សូ សាវឿន ដែលមានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ពេលទៅដល់គឺជួបប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន ឈ្មោះគឹម គាត់បានព្យាបាលកូនស្រីខ្ញុំ។ ការព្យាបាលបានមួយថ្ងៃក៏ត្រឡប់មកផ្ទះវិញ លុះស្អែកឡើងកូនស្រីខ្ញុំបានជាធម្មតាក៏ត្រឡប់ទៅគិតលុយនៅផ្ទះពេទ្យ សូ សារឿន វិញ។
ប៉ុន្តែស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន បានសុំចាក់ថ្នាំផ្ដាច់ ទាំងដែលកូនខ្ញុំប្រាប់ថា បានជាហើយក៏ដោយ ។ តែឈ្មោះគឹម នៅតែចាក់ថ្នាំត្រង់ត្រគាកកូនស្រីខ្ញុំ ត្រូវសរសៃ ទើបធ្វើឱ្យជើងកូនរបស់ខ្ញុំកន្ត្រាក់ខ្លាំងៗ ហើយចាប់ផ្ដើមហើម និងស្ពឹកមួយចំហៀងខ្លួន និងពិការរហូតមក…..។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា ក្រោយពេលមានការផុសក្នុងបណ្ដាញសង្គមបែបនេះ លោកវេជ្ជបណ្ឌិត ក៏បានចាត់ឱ្យមន្ត្រីជំនាញចុះទៅសម្របសម្រួលរវាងភាគីគ្រូពេទ្យលោកសូ សារឿន និងភាគីកុមារី ដែលអះអាងថា រងគ្រោះដោយសារការចាក់ថ្នាំ ដើម្បីបញ្ចប់រឿង។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បន្តថា ប៉ុន្តែការសម្របសម្រួលមិនបានលទ្ធផលឡើយ ដោយសារភាគីលោកគ្រូពេទ្យ សូ សារឿន នៅតែប្រកាន់ជំហរថា ជើងកុមារីឈ្មោះភីន ស្រីណែត អាយុ៩ឆ្នាំ មិនបានពិការដោយសារការចាប់ថ្នាំពីកន្លែងព្យាបាលគាត់ឡើយ ។ មិនត្រឹមតែប៉ុណ្ណឹង លោក គ្រួពេទ្យ សូ សារឿន បានដាក់ពាក្យប្តឹងទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ )ទៅវិញ ធ្វើឱ្យរឿងនេះកាន់តែវែងឆ្ងាយ។ ចំពោះទីតាំងព្យាបាលរបស់លោកគ្រូពេទ្យ សូ សារឿន លោកបានឱ្យមន្ត្រីចុះពិនិត្យហើយ បើអាជ្ញាប័ណ្ណផុតសុពលភាព ឬគ្មានច្បាប់នឹងបិទកន្លែងព្យាបាលនោះតែម្តង។
ជុំវិញករណីខាងលើនេះ បេីយោងតាមពាក្យបណ្ដឹងរបស់លោក សូ សាវឿន អាយុ៦២ឆ្នាំ មានមុខតំណែងប្រធានសុខាភិបាលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានទីលំនៅផ្សាររមាស ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានលើកឡើងថា ៖ ម្ចាស់ផេកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) បានបរិហារកេរ្តិ៍ ខ្ញុំថា ៖ បានព្យាបាលក្មួយស្រី ភីន ស្រីណែត អាយុ៩ឆ្នាំ ជាសាធារណៈ ដោយគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ ។ មិនត្រឹមប៉ុណ្ណឹង បានលួចថតដោយលក្ខខណ្ឌមិនត្រឹមត្រូវបង្ហោះផ្សាយជាសាធារណៈ ដើម្បីបរិហារកេរ្តិ៍បង្ខូចកិត្តិយសរបស់ក្រុមគ្រួសារខ្ញុំ និងអាជីវកម្មខ្ញុំ។
ក្នុងពាក្យបណ្តឹងបន្តថា ចំពោះជំងឺក្មួយស្រីបានទៅព្យាបាលជាច្រើនកន្លែង មានទាំងមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាខេត្តសៀមរាប ជាដើម ដែលតាមលក្ខណៈបច្ចេកទេសលទ្ធផលបានបញ្ជាក់ថា ដោយសាររបេងសាច់ដុំ (Tubercucolo myositis ) និងនៅពេលថ្មីៗនេះ ក្នុងអំឡុងថ្ងៃទី១៥ ទី១៦ ខែមីនា ឆ្នាំ២០២២ អ្នកជំងឺនៅទៅបើកថ្នាំព្យាបាលជំងឺនេះនៅឡើយ។
ក្នុងពាក្យបណ្តឹងនេះដែរ លោក សូ សាវឿន ក៏បានស្នើសុំឱ្យម្ចាស់ផេកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) លុបការផ្សាយព័ត៌មានមិនពិតនេះចេញ ហើយធ្វើការសុំទោសជាសាធារណៈ និងនៅចំពោះមុខសមត្ថកិច្ច បើពុំនោះទេនឹងសុំចាត់ការតាមផ្លូវច្បាប់។
ជុំវិញករណីនេះដែរ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ជិន សុផាត ក៏បានបញ្ជាក់ដែរថា៖ បន្ទាប់ពីមានហេតុការណ៍ខាងលេីនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកដឹកនាំមន្ត្រីជំនាញចុះស្រាវជ្រាវ និងពិនិត្យ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ហើយក៏បានរកឃើញថា៖ ការព្យាបាលកុមារីអាយុ៩ឆ្នាំរូបនេះ ពិតជាព្យាបាលដោយស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់លោកគ្រូពេទ្យ សូ សារឿន ពិតមែន ដែលគាត់គ្មានជំនាញវិជ្ជាជីវៈនោះទេ ទើបសម្រេចនាំខ្លួនទាំងលោកគ្រូពេទ្យ និងប្រពន្ធ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីបន្ត ។
ដោយឡែកលោក សាន់ យូ អភិបាលរងខេត្ត ក្រោយពីទទួលបានព័ត៍មានខាងលេីនេះ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក៏បាននាំយកថវិការបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនគ្រួសារកុមារី ភិន ស្រីណែត អាយុ៩ឆ្នាំ ដល់លំនៅដ្ឋានផងដែរ ៕
ដោយ៖សហការី