ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន។ សម្ដេចយល់ថា រឿងនេះជារឿងដែលតិចតួចបំផុតមិនគួរណាអភិបាលខេត្ត ឬរដ្ឋមន្ត្រីធ្វើមិនចេញនោះទេ។
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, ៖ ក្រសួងនីមួយៗពេលដែលបានអំណាចក្នុងដៃហើយ ត្រូវតែប្រើអំណាចនោះទៅអនុវត្ត ។
សម្ដេចថ្លែងថា៖ «ឥឡូវយើងជាអ្នកកាន់ដល់ប៉ុនហ្នឹង បង្ក្រាបពួកអាហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ! និយាយគ្នាឱ្យត្រង់ៗតែម្ដង ហើយក៏មិនបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ! បើគ្រាន់តែធ្វើប៉ុហ្នឹងធ្វើមិនឈ្នះនោះ! កុំធ្វើមេទាហានកុំធ្វើមេប៉ូលិសតទៅទៀត។ ចេញពីហ្នឹងទៅនាំគ្នាធ្វើ»។
សម្ដេចបានឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់សន្យាជាមួយសម្ដេចអំពីការប្ដេជ្ញាក្នុងការដោះស្រាយបញ្ហានេះដល់សម្ដេចផងដែរ។
សម្ដេចតេជោថ្លែងខ្លាំងៗបែបនេះក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុនសែន បាន:
⁃ ចេញបទបញ្ជាលុបបំបាត់បទល្មើសនេសាទលើបឹងទន្លេសាបទាំងស្រុង ។
⁃ បញ្ជាឱ្យកម្ចាត់ក្រុមឈ្មួញទុច្ចរិតក្នុងការបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែង កោតសរសើរចំពោះក្រុមការងារ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការរឹបអូសយកដីអភិរក្សបឹងទន្លេសាបយកមកវិញ ។
សម្តេចតេជោ ក៏មានប្រសាសន៍ពី វិស័យកសិកម្មក្នុងឆ្នាំ ២០២១ មានការរីកចម្រើន បើធៀបទៅឆ្នាំ ២០២០ ។
សម្តេចតេជោ ហ៊ុនសែន បន្តថា, បច្ចុប្បន្ន វិស័យកសិកម្មជាវិស័យអាទិភាពមួយសម្រាប់ធានាសន្តិសុខស្បៀង ។
សម្តេចតេជោ លើកឡើងថា, ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧% ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ៕
ដោយ ៖ សិលា