ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីប​បេីកឆ្លងផ្លូវចូលបុរី​ ហាយធិច​ លុច្សសារី​ ត្រូវបុរសពីរនាក់ជិះម៉ូតូមកបុកពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរបួសធ្ងន់និងស្រាល

ចែករំលែក៖

    ភ្នំពេញ ៖​ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន​មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនើប​ Land Cruiser ដែលកំពុងបត់ឆ្លងផ្លូវចូលបុរីហាយធិច លុច្សសារី​ ពេញទំហឹង​ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល​។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩​និង៤០នាទីយប់​ ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ត្រង់ចំណុចមុខបុរី​ ហាយធិច លុច្យសារី​ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​ Land Cruiser ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AQ -2382 តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងបម្រុងចូលបុរីហាយធិច លុច្យសារី​ ដោយឆ្លងជិតផុតទៅហើយស្រាប់តែមានបុរសពីរជិះម៉ូតូម៉ាក​ហុងដាឌ្រីម​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ព្រៃវែង1P-5185 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិច​ក្នុងល្បឿនយ៉ាងលឿន​ និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Land Cruiser ចំទ្វារក្រោយផ្នែកខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ រីឯបុរសម្នាក់ជាភាគីខាងម៉ូតូបោកក្បាលជាមួយរថយន្តនិងថ្នល់រងរបួសធ្ងន់​ និងបុរសម្នាក់ទៀតជិះជាមួយរងរបួសស្រាល​ ។ 

    ក្រោយកេីតហេតុ​ បុរសម្នាក់ដែលរងរបួសធ្ងន់​ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ ចំណែកតៃកុងរថយន្ត​ Land Cruiser ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ចាត់ការតាមនីតិវិធី​ ។ ក្រោយមកទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្ត​ ទៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយគ្នានាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖