ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទឹកកក​បណ្ដាល​ឱ្យស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯគ្លីនិក ម្លិះ​ដង្កោ​

ចែករំលែក៖

​​     ភ្នំពេញ​ ៖​ បុរស​ម្នាក់​បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅគ្លីនិកម្លិះដង្កោ​ បន្ទាប់ពីជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហេីយជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទឹក​កកអនាម័យ​ ដែល​កំពុង​បេីក​ឆ្លង​ផ្លូវ​ កាលពីវេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅតាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ កែង​ផ្លូវ​បេតុង​អត់​លេខ​ ស្ថិត​ក្នុង​ភូមិ​ជេីង​ឯក​ សង្កាត់​ជេីង​ឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ សព​ជនរងគ្រោះ​មានឈ្មោះ​ ចាន់​ ឫទ្ធី​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​បុរី​កម្ម​ករ​ សង្កាត់​ជេីង​ឯក​ ខណ្ឌ​ដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ ឌ្រីម ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IN-5246 ។ ដោយ​ឡែក​អ្នក​បេីក​បរ​ រថយន្ត​បង្កសមត្ថកិច្ច​មិន​ទាន់​ឱ្យស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ គ្រាន់​តែដឹង​ថា​បេីក​រថយន្ត​ដឹក​ទឹកកក​អនាម័យ​របស់​ក្រុម​ហ៊ុន​ អុីវ៉ា​ ព្រៀម​ ម៉ាក​ IZUSU ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BE-1650 ។ 

  យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញ​បុរស​ម្នាក់​បេីក​រថយន្ត​ដឹក​ទឹក​កក​ អនាម័យ​ ម៉ាក​ IZUSU​  ពណ៌ស​ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​អត់​លេខ​ក្នុង​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីត​ហេតុ​ក៏បានឆ្លង​ផ្លូវឡេីង​ទៅ​រក​ស្តាំ​របស់​ខ្លួន​ ហេីយ​គាប់​ជួន​ពេល​នោះ​រថយន្ត​ឆ្លង​បាន​ពាក់​កណ្តាល​ផ្លូវក៏ស្រាប់​តែ​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ពី​កេីត​ទៅ​លិច​បានជ្រុល​ទៅ​បុក​ចូល​ក្រោម​ពាក់​កណ្តាល​រថយន្ដ​ បណ្ដាល​ឱ្យម៉ូតូ​នៅ​ជាប់​ក្រោម​រថយន្ត​ ចំណែកអ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ធ្ងរ​ត្រង់​ក្បាល​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​យីហោ​ម្លិះ​ដង្កោ​ តែ​ពេល​ទៅ​ដល់​គ្លីនិក​ជន​រងគ្រោះ​ក៏បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​ ។ 

​ ដោយ​ឡែក​អ្នក​បេីក​បរ​រថយន្ត​វិញ​ក៏ត្រូវ​ សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជេីង​ឯក​ផងដែរ​។ 

    បន្ទាប់មកសមត្ថកិច្ច​មូលដ្ឋាន​ និងផ្នែកជំនាញ​ចរាចរណ៍​ខណ្ឌ​បានចុះ​ទៅ​កន្លែង​កេីតហេតុ​ ព្រម​ទាំង​ទាក់ទង​ស្វែងរក​សាច់ញាតិ​របស់​ជនរងគ្រោះ​ផងដែរ​ ហើយ​ពេល​សាច់ញាតិ​មក​ដល់​ក៏ប្រាប់ឱ្យដឹងថា​ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រលប់​មកពីជូន​បងប្អូន​ពី​កន្លែង​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ​ ក៏ជួប​គ្រោះ​ថ្នាក់​បែបនេះ​តែម្ដង​ ។ 

  ក្រោយ​មក​ សមត្ថកិច្ច​ជំនាញបានធ្វេី​លិខិត​ប្រគល់​សព​ឱ្យទៅសាច់ញាតិ​​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ជេីង​ឯក​ ។ ចំណែក​មធ្យោបាយ​ធ្វើដំណើររួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេីង​គោក​ ​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្តនាពេលក្រោយ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖