ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់ជនសង្ស័យម្នាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ ៖ ស្នូរសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ទាំងព្រឹកព្រលឹមនៅផ្លូវក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈជនសង្ស័យម្នាក់ត្រូវស្លាប់ដែលគេសង្ស័យថាជាក្រុមចោរប្លន់។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

   យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ខែមីនានេះមានបុរសម្នាក់ដែលជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២២តែម្នាក់ឯងនៅលើដងផ្លូវ៣០ម៉ែត្រ។ ពេលជនរងគ្រោះជិះម៉ូតូហួសវត្តឫស្សីសាញ់បានបន្តិចក៏លេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានជិះមកក្បែរជនរងគ្រោះហើយក៏ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូរបស់គាត់បានសម្រេច តែនៅពេលដែលជនជនសង្ស័យលើកម៉ូតូរបស់ជនរងគ្រោះរៀបនឹងជិះរត់គេចខ្លួនទៅហើយនោះក៏ត្រូវជនរងគ្រោះដកកាំភ្លើងខ្លីបាញ់ទៅលើជនសង្ស័យដែលជិះម៉ូតូរបស់គាត់ជាច្រើនគ្រាប់បណ្ដាលឱ្យដេកស្លាប់ស្ដូកស្ដឹងលើម៉ូតូនៅនឹងកន្លែងកេីតហេតុ។

   បន្ទាប់ពីកេីតហេតុ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ជនសង្ស័យទាំងនេះកន្លងមកក៏បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋនៅតំបន់នេះជាច្រើនករណីមកហើយ ទើបតែលើកនេះ ប្លន់ប៉ះជនរងគ្រោះដែលមានអាវុធក៏បានបាញ់ការពារខ្លួនទៅលើជនសង្ស័យស្លាប់បាត់បង់ជីវិតតែម្ដង។ 

   ក្រោយពេលកើតហេតុ ជនសង្ស័យ ៣នាក់ដែលជាបក្ខពួកឃើញគ្នីគ្នាដេកដួលស្លាប់នៅនឹងកន្លែងកើតហេតុ ក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ តែជនរងគ្រោះដែលជាអ្នកបាញ់ទៅលើក្រុមចោរប្លន់ស្លាប់មិនបានរត់គេចខ្លួនទេ ដោយសមត្ថកិច្ចនៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖