ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន០៩នាក់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៩នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះដើម្បីចាត់ការ។

សូមបញ្ជាក់ថា៖កម្លាំងជំនាញនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ចំនួន ៣ករណី ជាបន្តបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៩នាក់ ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបទបញ្ជារបស់លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តមន្ទាយមានជ័យ និងដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២  ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់បន្ទប់ជួល បានចុះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន

១នាក់ ឈ្មោះ អឿម សុគន្ធ ហៅង៉ោល ភេទប្រុស អាយុ២៩ឆ្នាំ (ធ្លាប់ជាប់មណ្ឌល) នៅបន្ទប់ជួលមួយកន្លែងស្ថិតភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសៅភ័ណ។ 

ក្នុងកិច្ចប្រតិបត្តិការនេះដកហូតសម្ភារមាន៖ បំពង់កែវជក់ ចំនួន១, ដបជក់ចំនួន១, ដែកកេះចំនួន២, កាំបិតចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង ។

លោក កាន់ សៀង អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានបញ្ជាក់ទៀតថា៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង៥និង១០នាទី មានមុខសញ្ញាប្រើប្រាស់បានទូរស័ព្ទមកកម៉្មង់ទិញគ្រឿងញៀន ដែលជាលេខរបស់ជនសង្ស័យឈ្មោះ អឿម សុគន្ធ ហៅ ង៉ោល កម្លាំងនគរបាលបានឲ្យឈ្មោះ អឿម សុគន្ធ ហៅង៉ោល នេះណាត់ទៅយកនៅចំណុចផ្លូវប៉ារ៉ែត ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន៧នាក់ ស្រី២នាក់ទៀត៖ ១-ឈ្មោះ មាស ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ, ២-ឈ្មោះ ប៉ាវ ប៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ, ៣,ឈ្មោះ ប៉ាវ ប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ, ៤-ឈ្មោះ ប៉ាវ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ, ៥-ឈ្មោះ ឆាត់ វ៉ាន់ដែន ហៅដែន ភេទប្រុស អាយុ២២ឆ្នាំ, ៦-ឈ្មោះ ប៉ោច ស្រីតូច ភេទស្រី អាយុ២០ឆ្នាំ (ធ្លាប់ជាប់មណ្ឌល់ចំនួន២ដង), ៧-ឈ្មោះ ផាត់ សៀវម៉ី ហៅម៉ី ភេទស្រី អាយុ១៦ឆ្នាំ។ ដកហូតសម្ភារៈវត្ថុតាង ៖ ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន, កាំបិតចំនួន២ដើម និងទូរស័ព្ទចំនួន៤គ្រឿង។

លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានបន្តទៀតថា៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលនេះដែរ មានសុខសញ្ញាប្រើប្រាស់១នាក់ បានកម្ម៉ង់ទិញថ្នាំញៀន តាមលេខទូរសព្ទរបស់ឈ្មោះ អឿម សុគន្ធ ហៅង៉ោល នេះទៀតកម្លាំងនគរបាលយើងបានឲ្យ ឈ្មោះ អឿម សុគន្ធ ហៅង៉ោល នេះណាត់ទៅយកនៅចំណុចមុខវត្តតាហីស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយធ្វើការឃាត់ខ្លួនបានគឺឈ្មោះ ហឿន ហួយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ដកហូតសម្ភារៈវត្ថុតាង ទូរស័ព្ទចំនួន១គ្រឿង និងម៉ូតូចំនួន១គ្រឿង។

លោក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនប្រុស ស្រី ទាំង៩នាក់ រួមទាំងវត្ថុតាងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖