ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol សម្រេចប្តូរការិយាល័យដោយសារតែហុងស៊ុយមិនល្អ

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានសម្រេចផ្លាស់ប្តូរការិយាល័យប្រធានាធិបតីពីវិមានបៃតងចេញពីតំបន់Cheong Wa Dae ហើយសងទីនេះឱ្យទៅប្រជាជនវិញ។
ការណ៍ដែលលោកប្រធានាធិបតីថ្មីសម្រេចចាកចេញពីវិមានបៃតងទៅកាន់តំបន់អគារនៃក្រសួងការពារជាតិនៅ Yongsan-gu គឺជាការបង្ហាញពីគោលនយោបាយលះបង់អំណាច “អាណាចក្រ” របស់គាត់។ ប្រធានាធិបតីថ្មីនឹងចាប់ផ្តើមអាណត្តិថ្មី៥ឆ្នាំរបស់ខ្លួននៅការិយាល័យថ្មីនាតំបន់ Yongsan-gu ចាប់ពីថ្ងៃទី១០ខែឧសភា ដែលជាថ្ងៃចូលកាន់តំណែង។ ចំណែកតំបន់ Cheong Wa Dae នឹងបើកជាសាធារណៈឱ្យពលរដ្ឋចូលទស្សនានៅថ្ងៃទី១០ខែឧសភានោះដែរ ។
មួយវិញទៀត ទីតាំងវិមានប្រធានាធិបតីចាស់ គឺវិមានបៃតង មានហុងស៊ុយមិនល្អនោះឡើយដោយសារតែស្ថិតនៅតំបន់ធ្លាប់ជាទីតាំងរបស់ប្រមុខដឹកនាំស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុនដែលបានមកគ្រប់គ្រងឧបទ្វីបកូរ៉េក្នុងអំឡុងពេលឆ្នាំ១៩១០-១៩៤៥។ ពីអតីតកាលទីតាំងនេះធ្លាប់ជាទីកន្លែងបណ្តុះបណ្តាលកម្លាំងទាហាននៃអាណាចក្រ Chosen (ឆ្នាំ១៣៩២-១៩១០) ហើយក៏ជាទីកន្លែងដែលបញ្ចុះសពស្នំឯកស្តេច ក៏ដូចជាមន្ត្រីរាជការដែរ…។
ប្រធានាធិបតីដំបូងរបស់កូរ៉េខាងត្បូងឈ្មោះ Syngman Rhee បានដាក់ឈ្មោះវិមានប្រធានាធិបតីថាជា Blue House (វិមានខៀវ) នៅឆ្នាំ១៩៤៨ ហើយលោករស់នៅទីនោះក្នុងអំឡុងសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ រហូតដល់មានការក្រោកឡើងបះបោរផ្តួលរំលំនៅឆ្នាំ១៩៦០។ ក្រោយមកប្រធានាធិបតីដែលឡើងជំនួសតំណែងគឺពលរដ្ឋជាអ្នកបោះឆ្នោតគាំទ្រ គឺលោក Yoon Bo-seon ប៉ុន្តែលោកបានឡើងកាន់តំណែងបានរយៈពេលខ្លីតែប៉ុណ្ណោះ ក៏ត្រូវបានផ្តួលរំលំដោយការធ្វើរដ្ឋប្រហារ ដឹកនាំដោយមេទ័ព Park Chung-hee ។
មេទ័ព Park Chung-hee បានដឹកនាំប្រទេសអស់រយៈពេលជិត២ទសវត្សរ៍ មុនពេលត្រូវគេលួចធ្វើឃាតនៅឆ្នាំ១៩៧៩ ។ ចំណែកប្រធានាធិបតីជំនាន់ក្រោយៗទៀតដែលរស់នៅក្នុងវិមានខៀវ ដូចជា លោកChun Doo-hwan និង Roh Tae-woo ។ នៅពេលឈានចូលសតវត្សទី២១ នៅមានប្រធានាធិបតី Roh Moo-hyun បានបញ្ចប់ជីវិតដោយខ្លួនឯងក្នុងពេលបើកការស្រាវជ្រាវពីករណីពុករលួយពាក់ព័ន្ធនឹងភរិយា។ ក្រោយមកទៀត អតីតប្រធានាធិបតី Lee Myung-bak និងលោកស្រី Park Geun-hye ក៏ត្រូវជាប់គុកពីបទពុករលួយដែរ…។
ទាំងនោះហើយទើបប្រធានាធិបតីជាប់ឆ្នោតថ្មីសម្រេចប្តូរទីតាំងថ្មី ដែលមានហុងស៊ុយល្អជាងនេះ ដើម្បីដឹកនាំប្រទេសឱ្យរលូន ៕

ដោយ៖ ធីរីណា(រូបថត៖AP)


ចែករំលែក៖