ខេត្តកណ្ដាល ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាបោះពួយលឿនដូចហោះទៅពន្លះសួនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតគួរឱ្យរន្ធត់ រីឯយុវជនម្នាក់ទៀតជាអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ទន់ ដាវីត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង(រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកHONDA CB ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IP-6985 និងទី២-ឈ្មោះ ស៊ឹង សុភក្រ្តា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិថ្មប្រជុំ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(ជាអ្នករួមដំណើរ)ស្លាប់បាត់បង់ជីវិត។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក HONDA CB ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IP-6985 បេីកបរតាមបណ្ដោយផ្លូវជាតិលេខ៥ មានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-បាត់ដំបង) ដោយបើកបរមានល្បឿនលឿន។ លុះបេីកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយសួនពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឱ្យយុវជនម្នាក់ជាអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯយុវជនម្នាក់ទៀតជាបើកបររងរបួសធ្ងន់។
ក្រោយមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកសាកសពរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកវត្ថុតាងម៉ូតូត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែនដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ