ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែមីនា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តតាកែវ បន្តការងាររបស់ខ្លួនក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ផ្ទះលក់ទំនិញ និងផ្សារជាដើម កាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ។
ក្នុងប្រតិបត្តិការខាងលើនេះ គោលបំណងគឺបន្តស្វែករកភាពមិនអនុលោមលើទំនិញដែលចរាចរនៅលើទីផ្សារ ហើយទំនិញហួសកាលបរិច្ឆទទាំងនោះហើយដែលបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខាតបង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើមិនស្មោះត្រង់ផងដែរ។
ជាលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ១០.១៦គីឡូក្រាមមករក្សាទុកនៅសាខាខេត្ត និងពិន័យទៅតាមនីតិវិធី។
ជាមួយគ្នានោះ នៅថ្ងៃដដែល ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិត លើវិស័យប្រេងឥន្ធនៈ មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងទៀតដែលមិនមានអនុលោមភាព ខណៈពេលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពនៅតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តទាំង ៣ខាងលើ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការលេីកនេះ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យមានសរុបចំនួន ១៤ទីតាំង ដោយក្នុងនោះ ទីតាំងដែលមិនអនុលោមត្រូវបានមន្ត្រីក.ប.ប. ចាត់វិធានការតាមនីតិវិធីទៅលើម្ចាស់ដេប៉ូផងដែរ៕
ដោយ៖សហការី