ខេត្តស្ទឹងត្រែង ៖ បងប្អូនប្រជាពលរដ្ឋរស់នៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ ដែលជាតំបន់សហគមន៍អេកូទេសចរណ៍អន្លង់ឈើទាល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បាននាំគ្នាត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូល និងផលលំបាកក្នងបញ្ហារកចំណូលក្នុងវិស័យទេសចរណ៍ ក្រោយពីបាត់បង់សត្វផ្សោតមួយក្បាលចុងក្រោយ ដោយសារតែការនេសាទ របស់ភាគីឡាវបានដាក់មងនេសាទត្រី ដោយមិនគិតដល់វិស័យទេសចរណ៍នោះឡើយ ទើបធ្វើឱ្យសត្វផ្សោតមួយក្បាល ដែលសេសសល់ត្រូវបានងាប់ដោយសារជាប់មងនឹងកន្ទុយវារហូតទ្រាំនឹងការឈឺចាប់មិនបានក៏បានងាប់ផុតពូជទៅ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតំបន់នោះ ដោយសារបាត់បង់ប្រាក់ចំណូល ព្រោះធ្វើឱ្យបាត់ភ្ញៀវទេសចរបន្តិចម្តងៗ មិនដូចកាលនៅមានសត្វផ្សោតដែលមានការទាក់ទាញភ្ញៀវទេសចរមកទស្សនា។
អាជីវករអ្នកលក់ដូរវត្ថុអនុស្សាវរីយ៍ និងលក់ម្ហូបអាហារនៅសហគមន៍អេកូទេសចរណ៍អន្លង់ឈើទាល ឃុំព្រះរំកិល បានត្អូញត្អែរនិងរៀបរាប់ថា សព្វថ្ងៃនេះមិនសូវមានភ្ញៀវទេសចរមកលេងនៅអន្លង់ផ្សោត ជិះទូកនិងទស្សនាសត្វផ្សោតហែលទឹកលេងដូចមុនទៀតទេ ធ្វើឱ្យពួកគាត់លក់ដូរមិនសូវដាច់ ព្រោះមិនមានអ្នកទិញដូចមុននោះឡើយ។
ពួកគាត់បានលើកឡើងទៀតថា ជាច្រើនឆ្នាំកន្លងមកពួកគាត់បានពឹងផ្អែកទាំងស្រុងទៅលើមុខរបរលក់ដូរវត្ថុអនុស្សាវរីយ៍ និងលក់ម្ហូបអាហារជូនភ្ញៀវ ដែលពួកគាត់មកកម្សាន្តនៅសហគមន៍អេកូទេសចរណ៍អន្លង់ឈើទាល ហើយវត្ថុអនុស្សាវរីយ៍ដែលពួកគាត់លក់សុទ្ធសឹងតែកែច្នៃរចនាម៉ូដដោយស្នាដៃកូនខ្មែរ ក្នុងនោះមានរូបសំណាកសត្វផ្សោតនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត រួមជាមួយមុខម្ហូបដែលមានឱជារស ដូចជាត្រីធម្មជាតិ បូករួមជាមួយម្ហូបខ្មែរ-ឡាវជាដើម ដែលមានឱជារសមិនធម្មតានោះទេ។ ពេលអស់សត្វផ្សោតពួកគាត់ក៏បាត់បង់ប្រាក់ចំណូល ព្រោះបាត់ភ្ញៀវទេសចរមកកម្សាន្តជាង៥០-៦០% បានធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗលើគ្រួសារទាំងស្រុងផងដែរ។
លោកផយ វណ្ណា សមាជិកគណៈកម្មការសហគមន៍អេកូទេសចរណ៍ អន្លង់ឈើទាលបានរៀបរាប់ដូច្នេះថា: ក្រោយពីសហគមន៍បង្កើតជាកន្លែងអេកូទេសចរណ៍នោះមក លោកក៏ចាប់ផ្ដើម ធ្វើជាអ្នកបើកទូកជូនភ្ញៀវដើម្បីទទួលបានប្រាក់កម្រៃជាប្រចាំ ហើយអ្នកផ្សេងទៀត ដែលប្រកបមុខរបរលក់ដូរផ្សេងៗ និងម្ហូបអាហារនៅទីនេះក៏អាចរកបានប្រាក់ ចំណូលគួរសមដែរ។ ប្រាក់ចំណូលដែលទទួលបានពីវិស័យទេសចរណ៍គឺមានច្រើនគួរសមដែរដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ជួយដល់កូនៗទៅរៀនសូត្រនិងសន្សំប្រាក់ទុកខ្លះសម្រាប់ព្យាបាលជំងឺផ្សេងៗដែលកើតឡើងដោយមិនបានគិតមុន។
លោកផយ វណ្ណា បានបន្តទៀតថា: ក្រោយសត្វផ្សោតបានងាប់ផុតពូជទៅ ធ្វើឱ្យវិស័យទេសចរណ៍ប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចអ្នកប្រកបមុខរបរលក់ដូរនិងជូនភ្ញៀវជិះទូកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍ទាំងមូល។ ភ្ញៀវទេសចរគេមកលេងកម្សាន្តតំបន់អភិរក្សអន្លង់ផ្សោតគេចង់ជិះទូកមើលផ្សោត តែឥឡូវនេះ គ្មានផ្សោតមើលទៀតទេ ភ្ញៀវគេលែងមកលេងកម្សាន្តទៀតហើយ ។ ចំណែកភ្ញៀវទេសចរមកលេងកម្សាន្តដើម្បីជិះទូកលេងមើលផ្សោតផុសប្រឡែងគ្នាលេង តែនៅពេលដែលគ្មានផ្សោតភ្ញៀវមកលេងតែមួយភ្លែតក៏ត្រឡប់ទៅវិញ។ភាគតិចណាស់ដែលពួកគេបានជួលទូករបស់គាត់មើលទេសភាពតាមដងទន្លេ។
លោកភីវ មឿងឃុន មេឃុំព្រះរំកិលបានប្រាប់ឱ្យដឹងដែរថា: ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះរំកិល ពួកគាត់ភាគច្រើនបានទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈភ្ញៀវមកទស្សនាសត្វផ្សោត ។ពេលមានផ្សោតមានភ្ញៀវទេសចរជាច្រើនគេមកកម្សាន្តជិះទូកមើលផ្សោត។ តែក្រោយសត្វផ្សោតងាប់ផុតពូជអស់ទៅ ពួកគេមិនដឹងថាមកលេងមានអ្វីមើលទៀតនោះទេ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បាត់ប្រាក់ចំណូលក្នុងវិស្ស័យសេវាកម្ម ភ្ញៀវទេសចរមកកម្សាន្ត។
លោកមេឃុំព្រះរំកិល បានបញ្ជាក់ថា ក្រៅពីបាត់ផ្សោតអស់ទៅ ឃុំរបស់លោក នៅមានព្រៃធម្មជាតិជាទេសភាពស្រស់បំព្រងនៅតាមដងទន្លេ ពិសេសនៅជាប់រមណីយដ្ឋានទឹកធ្លាក់សុភមិត្ត ក្នុងទឹកដីខេត្តព្រះវិហារដែលនៅជាប់នឹងភូមិក្រឡាពាស ឃុំព្រះរំកិលយើងនេះ មានជ្រលងភ្នំ និងព្រៃតំបន់ធម្មជាតិជាច្រើនទៀត ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ។
សូមរំលឹកថា: មុននឹងទៅដល់តំបន់ទេសចរណ៍អន្លង់ឈើទាល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែងយើងនេះ គឺត្រូវធ្វើដំណើរដោយឆ្លងស្ពានមេគង្គពីក្រុងស្ទឹងត្រែង តាមផ្លូវលេខ៩ ឆ្លងកាត់ទឹកដីស្រុកថាឡាបរិវ៉ាត់ រួចបត់ស្តាំនិងបន្តឆ្ពោះទៅតាមផ្លូវក្រួសក្រហម ដែលមានចម្ងាយជាង៦០គីឡូម៉ែត្រទៅភាគខាងជើងព្រំប្រទល់កម្ពុជា-ឡាវ ពេល ទៅដល់នឹងឃើញទឹកទន្លេមេគង្គ ហើយត្រើយម្ខាងគឺទឹកដីនៃប្រទេសឡាវ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ ភាគច្រើននិយាយភាសាឡាវ និងរដឺនតុងឡាវ មានមនោសញ្ជេតនាទំនាក់ទំនងគ្នារវាងខ្មែរ នឹងឡាវ ហើយភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ និងនេសាទត្រីជាលក្ខណ:គ្រួសារ។ ប្រជាពលរដ្ឋមួយផ្នែកបានប្រកបរបរលក់ម្ហូបអាហារ និងលក់វត្ថុអនុស្សាវរីយ៍ រួមនឹងបម្រើសេវាកម្មផ្សេងៗ ដូចជាជូនភ្ញៀវដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ផងដែរ៕
ដោយ៖មាស សុផាត