ភ្នំពេញ៖ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះដែលជំរុញឱ្យមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី។ នេះបេីតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី២៤ ខែមីនា ឆ្នាំ២០២២។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ឆ្នាំនេះ គឺជាឆ្នាំទី១៣ ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព ប្រកបដោយភាពធន់ និងនិរន្តរភាព។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងបន្តថា ទិវាមួយម៉ោង សម្រាប់ភពផែនដី គឺជាឱកាសល្អមួយ សម្រាប់យើងទាំងអស់គ្នា បង្ហាញពីការយកចិត្តទុកដាក់ ចំពោះធម្មជាតិ និងបរិស្ថាន ក៏ដូចជា ប្រាប់ដល់អ្នកដទៃទៀត ឱ្យបានយល់ពីសារៈសំខាន់ នៃធនធានធម្មជាតិ ចំពោះជីវិត នៅលើភពផែនដី ព្រមទាំងចូលរួម ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន ជាពិសេស ការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាកត្តាគំរាមកំហែង សកល ដល់មនុស្ស និងធម្មជាតិ។
រដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា៖” ទិវានេះ ផ្តល់ឱកាស សម្រាប់យើង ចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេល ដែលយើងត្រូវបង្ហាញឆន្ទៈ ដ៏មោះមុត ចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ មិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោង នៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។
គួរបញ្ជាក់ថា ទិវាមួយម៉ោង សម្រាប់ភពផែនដី គឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយ នៅលើពិភពលោក ដែលបានចាប់បដិសន្ធិឡើង ដោយការរួមកំលាំង ពីប្រជាជន ជុំវិញសកលលោក។
ការបិទភ្លើងមួយម៉ោង នាម៉ោង ៨:៣០ នាទីយប់ នៅថ្ងៃសៅរ៍ ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាព និមិត្តរូបសកលមួយ ចាប់តាំងពីព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយនេះ បានចាប់កំណើតឡើង ក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី មកម្ល៉េះ ដែលពេលនោះ ទិវានេះត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រើប្រាស់ ភ្លើងអគ្គិសនី ទៅលើបរិស្ថាន។ តាមរយៈការបិទភ្លើង មួយម៉ោងនេះ ប្រជាជននៅលើ ពិភពលោក បង្ហាញឆន្ទៈ និងចូលរួមចំណែក លើកកម្ពស់ការយល់ដឹង ជាសកល ជម្រុញការ ផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាន ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ ពីការឡើងកំដៅផែនដី។
ជាមួយគ្នានេះ នាយកអង្គការ WWF លោក សេង ទៀក បានមានប្រសាសន៍ថា៖«ធនធានធម្មជាតិ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី ផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ ដល់ការរស់នៅ របស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដី ដែលជាផ្ទះរួម របស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នា យើងអាចកសាងអនាគតមួយ ដែលមនុស្ស និងធម្មជាតិ អាចរស់នៅបាន ដោយសុខដុមរមនា ជាមួយគ្នា។»
ដោយឡែកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang ក៏បានមានប្រសាសន៍ថា៖ «ទិវាមួយម៉ោង សម្រាប់ភពផែនដី បានបន្តឆ្លុះបញ្ចាំង ឱ្យយើងឃើញពីលទ្ធផល ដែលយើង ទទួលបាន ចេញពីភាពរួបរួមសាមគ្គីគ្នា ដែលវាផ្តល់នូវក្ដីសង្ឃឹម ក្នុងការរៀបចំអនាគត ដ៏ប្រសើរមួយ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ យើងអាចចូលរួមធ្វើឱ្យមាន ការផ្លាស់ប្តូរ ជាវិជ្ជមាន ចំពោះវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ថាមពល និងបន្តប្រកាន់ខ្ជាប់ នូវសកម្មភាពមេត្រីភាពបរិស្ថានងាយៗ ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង គឺអនាគតបែបនេះហើយ ដែលយើងគ្រប់គ្នា ត្រូវចូលរួមកសាងរួមគ្នា”៕
ដោយ៖សហការី