ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា លោក ថោង ខុន បានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ៣៥ របស់ (ICC-Angkor)នៅសណ្ឋាគារសូហ្វីតែលអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនានេះ ថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀតដើម្បីចូលរួមលើដំណើរការស្តាវិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានដូចកាលពី មុនពេលវិបត្តិជំងឺកូវីដ-១៩ គឺ ក្រសួង ទេសចរណ៍ នឹងបន្តរួមគ្នាជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាដើម្បី ជំរុញការស្តារនៃវិស័យទេសចរណ៍ខេត្ត សៀមរាបឱ្យបានកំណើនខ្ពស់ឡើងវិញ ។
គោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាពនិងបរិយាប័ន្ន គឺ ត្រូវបន្តខិតខំអភិវឌ្ឍ និងបង្កើត ផលិត ផលទេសចរណ៍ថ្មីៗឱ្យ បាន កាន់តែ ច្រើនថែមទៀត នៅ តាម តំបន់អាទិភាពទាំង៦ដែល បាន កំ ណត់ ក្នុងផែនការមេ រួចហើយ ដូចជា តំបន់ឧទ្យាន ជាតិ ព្រះជ័យវរ្ម័ន-នរោត្តម-“ភ្នំគូលែន” តំបន់ជុំវិញ តំបន់ការពារ ប្រាសាទ បន្ទាយស្រី តំបន់ក្រុងសៀមរាបបច្ចុប្បន្ន តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មីជាដើម ។
លោកថោង ខុន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ “ICC-ANGKOR” រួមជា មួយអ្នកជំនាញការអន្តរជាតិផ្សេងទៀត ដែលជានិច្ចកាលបានគាំទ្រ និងចូលរួមសហការយ៉ាងសកម្ម លើវិស័យ អភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានសំណូមពរឱ្យ ICC-ANGKOR បន្តចូលរួមគាំទ្រជាមួយ នឹង ដំណើរ ការ នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាបទាំងក្នុងនិងក្រោយពេលវិបត្តិ កូវីដ-១៩ ដើម្បី ឆ្ពោះទៅរក គោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំង ធន់នឹងវិបត្តិ កាន់តែប្រសើរជាមួយ និង ភាពប្រកួតប្រជែងខ្ពស់ផង ៕
ដោយ៖ សូរិយា