ព័ត៌មានទាន់ហេតុការណ៍៖

គ្រោងឆ្អឹង​សត្វងាប់​ចាស់​ថ្មី និង​អន្ទាក់​ព្រាន​ ត្រូវ​បានប្រទះ​ឃេីញនៅ​តំបន់​ដែនជម្រកសត្វព្រៃ​

ចែករំលែក៖

ខេត្ត​​ឧ​ត្ត​រ​មានជ័យ​៖ គ្រោងឆ្អឹង​សត្វ​ងាប់​ចាស់​ថ្មី ក្រោមស្នាដៃ​អន្ទាក់​​ព្រាន​ ត្រូវ​បានព្រះសង្ឃ និង​កម្លាំង​គណៈកម្ម​ការ និង​មន្ត្រី​យោធា​ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើរ​ចុះ​ល្បាត បាន​ប្រទះឃើញ​ស្ថិត​តំបន់​ខាងលិច​ភ្នំ​ភ្ជៀ​វ និង​ខាង​ជើងភ្នំ​ស្វាយ ចុង​ប្រភពទឹក​ក្នុងព្រៃ​សន្លុង ភូមិ​គោល​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។​

​សូមជម្រាបថា​ គ្រោងឆ្អឹង​សត្វ​ងាប់​ចាស់​ថ្មី​ខាងលើ​នេះ​ ​កម្លាំង​គណៈកម្ម​ការ​ បានបញ្ជាក់នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖ មាន​ប្រភេទ​សត្វ​ទន្សោង​មួយ​ក្បាល សត្វ​ប្រើស​មួយ​ក្បាល, សត្វ​ឈ្លូស​មួយ​ក្បាល ,ជាប់អន្ទាក់​ព្រាន​ទើប​ប្រ​លះ​យកចេញ​ថ្មី បន្សល់​ទុកចោល​ជើង​មុខក្រោយ​ចំនួន​៤​នៅ​កន្លែង ព្រមទាំង​បាន​ដើរ​សារ​អន្ទាក់​ព្រាន​បាន​ចំនួន​៣៨​អន្ទាក់​ផងដែរ​។​

​គួរបញ្ជាក់ថា តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិកតា ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង​។ បច្ចុប្បន្ន​តំបន់​ដែន​ការពារ​មួយ​នេះ​សំបូរ​ត្រី​ជីវចម្រុះ និង​ប្រភេទ​សត្វព្រៃ​កម្រ​ជាច្រើន កំពុងរស់នៅ រួមមាន​៖ សត្វ​ខ្ទីង ,ទន្សោង ,ស្វា ,ប្រើស និង​ប្រភេទ​សត្វ​ស្លាប​ចម្រុះ​ជាច្រើន​ប្រភេទ​ទៀត​៕​

ដោយ​៖សហការី​


ចែករំលែក៖