ព័ត៌មានទាន់ហេតុការណ៍៖

ភរិយា​សម្ដេចក្រឡាហោម​៖​ ប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​តាមការបញ្ជាក់ពី​លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ​ លោក និងភរិយា បានចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី​ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគណៈអធិបតីអមដំណើរព្រមទាំងគណៈ​កម្មការ​ ធ្វេីរោងទូក​ ង​ ។ 

លោកស្រី​ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមការងារ បានរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសង់រោងតម្កល់ទូក ង វែងជាងគេលើពិភពលោករបស់ខ្មែរ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័ក្ដិសិទ្ធិ​ទាំងអស់ នៅវាលខាងមុខបរិវេណចុងប៉ម និងត្រៀមដាក់តាំងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្តផងដែរ។ 

ក្នុងព្រឹកថ្ងៃដដែលនេះដែរ លោកស្រី​ ញ៉ែម សាខន ស ខេងក៏បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ៣០០គ្រួសារ នៅក្រុងព្រៃវែង ដើម្បីចែករម្លែកស្បៀងអាហារ និងគ្រឿងសម្ភារៈឧបភោគ បរិភោគដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនៅក្រុងព្រៃវែង។

សារជាថ្មីម្តងទៀត លោក​ ជា​ សុមេធី​ តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនលោកផ្ទាល់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមឱ្យលោកស្រី និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រា​បុត្រី ចៅប្រុសចៅស្រី និងលោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ និងសហការីទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖