ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានឡើងគម្រោងចូលរួមកិច្ចប្រជុំ G-20 ដែលរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅចុងឆ្នាំ២០២២នេះ បើទោះបីប្រទេសជាច្រើនបានស្នើឱ្យដករុស្ស៊ីចេញពីG-20 ដោយសារតែប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនក្តី។
លោកស្រី Lyudmila Vorobieva ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំ G-20 បានលើកឡើងថា ប្រធានាធិបតីពូទីន មានគម្រោងចូលរួមកិច្ចប្រជុំនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ។
ក្នុងពេលនេះដែរ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃ២៤ខែមីនាថា ការអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន អង្គុយជាមួយមេដឹកនាំពិភពលោកផ្សេងទៀតក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ គឺនឹងមិនអាចទទួលយកបាននោះឡើយ ចំពោះមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។
លោក ម៉ូរីសសុន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយនេះជាអំពើហិង្សានិងគឃ្លើនដែលបំផ្លាញច្បាប់អន្តរជាតិ។ ខ្ញុំគិតថា បុគ្គលដែលអង្គុយជាមួយយើងក្នុងបន្ទប់ប្រជុំ មិនគួរមានអ្នកដែលឈ្លានពានប្រទេសដទៃនោះទេ»។
ចំណែកចិនវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា គ្មានសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ ។ រុស្ស៊ីគឺជាសមាជិកដ៏សំខាន់មួយនៃក្រុមប្រទេសG20 ។
លោក Wang Wenbin បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃទី២៣ខែមីនា និងជាការឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងព័ត៌មានដែលថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងវាយតម្លៃថាគួរឬមិនគួរដករុស្ស៊ីចេញពី G20។ លោកបន្ថែមថា G20 គឺជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនាំឱ្យបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗជួបជុំគ្នា ហើយខណៈដែលពិភពលោកកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យងើបចេញពីវិបត្តិ COVID-19, G20 មានទំនួលខុសត្រូវមិនអាចខ្វះបានក្នុងការដឹកនាំកិច្ចខិតខំប្រឹងនេះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters