ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ននេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីទិវាពិភពលោកកំចាត់រោគរបេង ២៤មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត”។
ការប្រារព្ធទិវានេះធ្វើឡើងនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយមានការអញ្ចើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ណែនស៊ី អឺសលីក នាយិការបេសកកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញផងដែរថា, កម្ពុជាយើងនៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើង
ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។
ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺ របេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅនិងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាព ល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង និងបង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ច របស់កម្ពុជាគឺអាស្រ័យលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគត របស់ប្រទេស។
យើងមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ ដែលបានសង្កត់ធ្ងន់ឱ្យ ពិភពលោកទាំងមូលត្រូវដាក់ទុនថែម ព្រមទាំងរួបរួមគ្នាបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និង សម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗមានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាននាក់ ក្នុងមួយឆ្នាំៗពុំទាន់បានទទួលសេវាថែទាំនិងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១ ៤០០ ០០០នាក់៕
ដោយ ៖ សិលា