ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាពលួចម៉ូតូត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលស្រុកថ្មពួក នៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ។
នគរបាលបានឲ្យដឹងថា៖ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ មានម្ចាស់ឈ្មោះ រី ណើម ភេទប្រុស អាយុ ៤១ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ ព្រឹល ធៀប អាយុ៤២ ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំគោករមៀត ស្រុកថ្មពួក ។
នគរបាលបានបញ្ជាក់ថា៖មុនពេលកើតហេតុម្ចាស់ម៉ូតូឈ្មោះ ព្រឹល ធៀប ជាប្រពន្ធបានយកម៉ូតូទុកនៅក្រោមផ្ទះ ចំណែកឈ្មោះ រី ណើម ជាប្តី ជាប់រវល់ទៅដេកនៅឯស្រែ ។
ប្រភពថាៈ នៅវេលាម៉ោងប្រមាណជា១២យប់ថ្ងៃដដែល ជនសង្ស័យខាងលើបានធ្វើសកម្មភាពផ្តាច់ខ្សែកុងតាក់ម៉ូតូនៅក្រោមផ្ទះជិះចេញមកចម្ងាយពីភូមិប្រមាណជា ១,០០០ម៉ែត្រ ម៉ូតូបានធ្លាក់ច្រវ៉ាក់ ក្រុមជនសង្ស័យបាននាំគ្នាអូសម៉ូតូ ពេលនោះជួបក្មេងត្រឡប់ពីដើរលេង ជនសង្ស័យ បានឲ្យជួយដាក់ច្រវ៉ាក់ម៉ូតូ ប៉ុន្តែដោយស្គាល់ម៉ូតូនោះ តែមិនស្គាល់មនុស្ស ពួកក្មេងទាំងនោះស្រែកឆោរឡោ ផ្អើលដល់កម្លាំងប្រជាការពារនាំគ្នាដេញចាប់ប្រផាប់ប្រភីងឃាត់ខ្លួនបានម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។
នគរបាលបានបញ្ជាក់ថា៖ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ មី កាន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ លី លៀប ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិជាមួយគ្នា ដែលរត់គេចខ្លួននោះ ដោយលឺដំណឹងថាវត្តកណ្តោលស្ថិតនៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួកនោះជិតធ្វើពិធីបញ្ចុះសីម៉ា ពួកគេទាំង០២នាក់ក៏មកស្នាក់នៅរង់ចាំនៅវត្តកណ្ដោល ហើយក៏ធ្វើសកម្មភាពលួចម៉ូតូនេះតែម្តង ។
នគរបាលស្រុកថ្មពួកបានបញ្ជាក់ថា៖ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យនិងការបង្រ្កាបជាក់ស្តែង ឈ្មោះ មី កាន នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ចំពោះបក្ខពួកគេម្នាក់កំពុងស្រាវជ្រាវរកចាប់ខ្លួនយក មកចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា