ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពី លទ្ធផលនៃជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន អនុញ្ញាតឲ្យលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន Huawei នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា លោក មានសេចក្តីសោមន្សរីករាយដែលបានឃើញ ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សចាប់តាំង ពីបើកដំណើរការនៅឆ្នាំ១៩៩៩ កន្លងមក ហើយបានរំពឹងថា ក្រុមហ៊ុន Huawei នឹងបន្តរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅកម្ពុជា។
ជាការឆ្លើយតប លោក Lin Baifeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលបានផ្តល់នូវជំនឿទុកចិត្ត និងគាំទ្រដល់ក្រុមហ៊ុន Huawei ក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេសវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ICT ។ លោកប្រធាន Huawei ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីសមិទ្ធផលនានាដែលក្រុមហ៊ុន Huawei សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជា សក្តានុពល និងផែនការពង្រីក វិនិយោគ និងការអភិវឌ្ឍសំខាន់ៗនៅពេលអនាគត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ (4.0 IR) កម្ពុជាជំរុញឱ្យមានបច្ចេកវិទ្យាឈានមុខក្នុងវិស័យ ICT សម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក Lin Baifeng អំពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងចិន ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផងដែរ។
ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែល បានសហការ និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់ក្រសួង-ស្ថាប័ន មួយចំនួននៅកម្ពុជា ព្រមទាំងបានលើកទឹក ចិត្តឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល ដល់អ្នកមានទេពកោសល្យវ័យក្មេងក្នុងវិស័យ ICT របស់កម្ពុជា ដោយគូសបញ្ជាក់ថា ការជួយដល់យុវជន កម្ពុជា គឺមានន័យថា ក្រុមហ៊ុន Huawei បានជួយដល់អនាគតរបស់កម្ពុជាផងដែរ។
លោក Lin Baifeng បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនានារបស់កម្ពុជា ក្នុងគោលបំណងជួយរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជាបន្ថែម៕
ដោយ ៖ សុខ ខេមរា